មនុស្សរាប់ពាន់នាក់ស្លាប់និងរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំង ស្ដុកអាម៉ូញ៉ូមនីត្រាត នៅលីបង់ (Video)

0

ភ្នំពេញ៖ មនុស្សរាប់ពាន់នាក់ បានស្លាប់និងរងរបួស នៅក្នុងឧបទ្ទវហេតុផ្ទុះដ៏ខ្លាំងក្លាមួយ ចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០ ។

ជុំវិញករណីនេះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បានសម្ដែងនូវ ក្ដីរន្ធត់ក្រៃលែង ដោយបានទទួលដំណឹង ពីឧបទ្ទវហេតុផ្ទុះ ដ៏ខ្លាំងក្លា ចេញពីឃ្លាំងស្ដុកអាម៉ូញ៉ូមនីត្រាត (Ammonium Nitrate) នៅកំពង់ផែមួយ ក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់ កាលពីថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២០ នេះ។

អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានសរសេរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំង នូវការបាត់បង់អាយុជីវិតរាប់សិបនាក់ និងរងរបួសប្រជាពលរដ្ធលីបង់ជាច្រើនពាន់នាក់ក្នុងឧបទ្ទវហេតុដ៏រន្ធត់នេះ។ ខ្ញុំសូមចូលរួមសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យអ្នកដែលរងរបួស នៅបេសកកម្ម ស្វែងរកអ្នកដែលបាត់ខ្លួន ក្នុងគំនរផេះផង់ទទួលបានជោគជ័យ»។

សូមរំលឹកថា ហេតុការណ៍ផ្ទុះដ៏កក្រើកមួយនេះ បានកើតឡើងនៅរដ្ឋធានី Beirut របស់ប្រទេសលីបង់ នាថ្ងៃអង្គារនេះបានបណ្តាល ឲ្យមនុស្សស្លាប់យ៉ាងតិច៧០នាក់ និងរងរបួសជាង៤ពាន់នាក់ ព្រមទាំងធ្វើឲ្យមានការខូចខាតយ៉ាងខ្លាំង។ នេះបើយោងក្រសួងសុខាភិបាលលីបង់។

មូលហេតុដែល បណ្តាលឲ្យមានការផ្ទុះ នៅមិនទាន់ដឹងនៅឡើយនោះទេ។ រដ្ឋាភិបាលលីបង់ ក៏មិនទាន់បានចេញផ្សាយជាផ្លូវការ ពាក់ព័ន្ធនឹងចំនួនអ្នករងរបួស ឬក៏ទំហំនៃការខូចខាតនោះដែរ។

ហេតុការណ៍ផ្ទុះឡើងនាពេលរសៀលនេះ (ពេលវេលានៅលីបង់) បានធ្វើឲ្យរញ្ជួយដល់ផ្នែកជាច្រើន នៃរដ្ឋធានីរបស់លីបង់ ហើយបានហុយផ្សែងយ៉ាងខ្លាំងនៅកណ្តាលទីក្រុង។

ហេតុការណ៍ផ្ទុះនេះបានកើតឡើង នៅកណ្តាលទីក្រុង នៅជុំវិញកំពង់ផែទីក្រុង Beirut ហើយបណ្តាលឲ្យខូចខាតទំហំយ៉ាងធំ។

គួរបញ្ជាក់ថា ការផ្ទុះនេះបានកើតឡើងប៉ុន្មានថ្ងៃ មុនពេលដែលតុលាការរបស់ អង្គការសហប្រជាជាតិត្រូវបានគេរំពឹងថា នឹងចេញសាលក្រមរបស់ខ្លួន លើសមាជិកចំនួន៤នាក់ ដែលជាសមាជិកបក្សនយោបាយ Hezbollah ដែលត្រូវបានចោទប្រកាន់ ពីបទសម្លាប់អតីតនាយករដ្ឋមន្ត្រី លីបង់ លោក Rafic Hariri នៅក្នុងការបំផ្ទុះគ្រាប់បែក ក្នុងរថយន្ត កាលពីឆ្នាំ២០០៥ នារដ្ឋធានី Beirut ៕