ក្រុមហ៊ុនទ្វីតធ័រ អាចនឹងរងការផាកពិន័យ រហូតដល់ ២៥០លានដុល្លារ ព្រោះតែ…

0

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ទីភ្នាក់ងាររបស់គណៈកម្មការសហព័ន្ធពាណិជ្ជកម្ម (FTC) សហរដ្ឋអាមេរិក កំពុងពិនិត្យមើលថា តើក្រុមហ៊ុនទ្វីតធ័រ បានប្រើប្រាស់ព័ត៌មាន ផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ ដូចជាលេខទូរសព្ទ និងអុីម៉ែល ដោយគ្មានការអនុញ្ញាត ដើម្បីបម្រើដល់ការផ្សព្វផ្សាយ ពាណិជ្ជកម្មរបស់ខ្លួន ក្នុងអំឡុងពេលពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៩។

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា បានពន្យល់ថា ទាក់ទងនឹងការស៊ើបអង្កេត របស់ FTC នេះដែរ ក្រុមហ៊ុនទ្វីតធ័រ ក៏បានធ្វើការសុំទោស ដល់អ្នកប្រើប្រាស់ រួចមកហើយ ដែលបានប្រើព័ត៌មានផ្ទាល់ខ្លួន ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ពួកគេ ដោយមិនមានការប្រុងប្រយ័ត្ន ដែលនេះក៏ជាការរំលោភ លើកិច្ចព្រមព្រៀងឆ្នាំ២០១១ ដែលក្រុមហ៊ុនបាន ចុះហត្ថលេខាជាមួយ FTC លើឯកជនភាពរបស់អតិថិជន និងបានបញ្ជាក់ថាក្រុមហ៊ុន អាចនឹងរងការផាកពិន័យ ចន្លោះពី ១៥០-២៥០លានដុល្លារ ផងដែរ។

ក្រុមហ៊ុនទ្វីតធ័រ បានជំរុញឱ្យអ្នកប្រើប្រាស់ ផ្តល់លេខទូរសព្ទរបស់ពួកគេ ដើម្បីធ្វើការបន្ថែមទៅលើ ប្រព័ន្ធសុវត្ថិភាព ដែលហៅថា two-factor authentication សម្រាប់ធ្វើការផ្ទៀងផ្ទាត់ ដោយការទទួលបាន សារមុនពេលចូលប្រើប្រាស់ គណនីផ្ទាល់ខ្លួន របស់ពួកគេ។ ថ្មីៗនេះក្រុមហ៊ុនទ្វីតធ័រ ក៏ទើបតែបានរងការរិះគន់ ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាព របស់ពួកគេ ដែលក្រុមវាយប្រហារ អាចធ្វើការកាន់កាប់ គណនីទ្វីតធ័រ របស់បុគ្គលល្បីៗជាច្រើន ហើយក្មេងវ័យជំទង់៣នាក់ ដែលជាមេខ្លោង ត្រូវបានចាប់ខ្លួននៅរដ្ឋហ្វ្លរីដា និងប្រទេសអង់គ្លេស កាលពីចុងខែមុននេះ។

គួររំឭកផងដែរថា ក្រុមហ៊ុនទ្វីតធ័រ មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ដែលរងការចោទប្រកាន់ ទាក់ទងនឹងការរំលោភ លើឯកជនភាពរបស់អ្នកប្រើប្រាស់ កាលពីឆ្នាំមុនទីភ្នាក់ងារនេះ បានធ្វើការផាកពិន័យ ក្រុមហ៊ុមហ្វេសប៊ុក ប្រមាណ៥ពាន់លានដុល្លារ រួចមកហើយដែរដើម្បីដោះស្រាយបញ្ហា នៃការរំលោភបំពានឯកជនភាព ជាច្រើន រួមទាំងការប្រើប្រាស់លេខទូរសព្ទ របស់អ្នកប្រើប្រាស់ ដែលបានផ្តល់ឱ្យ សម្រាប់គោលបំណង ពង្រឹងសន្តិសុខ តែយកទៅធ្វើអាជីវកម្ម ដើម្បីផ្សាយពាណិជ្ជកម្មរបស់ខ្លួនទៅវិញ។ ក្រុមហ៊ុនហ្វេសប៊ុក ក៏បានយល់ព្រមថាខ្លួន នឹងលែងប្រើលេខទូរសព្ទ ដែលទទួលបានក្នុងនាមសន្តិសុខ សម្រាប់ការផ្សាយពាណិជ្ជកម្ម តទៅទៀតដែរ៕