បរទេស៖ យោងតាមការ ចេញផ្សាយដោយកាសែត RT នៅថ្ងៃទី១៧ មិថុនានេះ បានឲ្យដឹងថា ក្រោយពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងនៅតាម បណ្ដាយព្រំដែនចិន-ឥណ្ឌា ទាហានឥណ្ឌា ២០នាក់ស្លាប់ ខណៈចិនមិនទាន់ប្រកាសពី ចំនួនទាហានស្លាប់និងរបួសនៅឡើយ ។
ក្រោយប្រឈមមុខដាក់គ្នា កងទ័ពឥណ្ឌាបានបញ្ជាក់ថា មានមន្រ្តីម្នាក់ និងទាហាន ២នាក់បានស្លាប់ ។ ហើយមានទាហានខ្លួន ១៧នាក់ទៀត ដែលបានរងរបួស បានស្លាប់បាត់បង់ជីវិត ដោយសារតែមិនអាចទ្រាំទ្រ នឹងអាកាសធាតុដកសូន្យ ។
ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បានរាយការណ៍ថា យ៉ាងហោចណាស់កងទ័ពចិន ៤៣នាក់ ត្រូវបានសម្លាប់ ឬរងរបួសក្នុងការប៉ះទង្គិច ប៉ុន្ដែខាងចិន មិនទាន់បង្ហាញតួលេខ ផ្លូវការណាមួយនៅឡើយទេ ។
លោក Hu Xijin និពន្ធនាយកកាសែតចិន Global Times បានបង្ហោះសារលើប្រព័ន្ធធ្វីតទ័រថា «នេះគឺជាសុច្ឆន្ទៈពីក្រុងប៉េកាំង ដោយភាគីចិនមិនចង់ ឲ្យប្រជាជននៃប្រទេសទាំងពីរ ប្រៀបធៀបចំនួនអ្នកស្លាប់ និងរបួស ដើម្បីបញ្ចៀសការរំជួលចិត្ត ជាសាធារណៈ ។ ខ្ញុំចង់ប្រាប់ភាគីឥណ្ឌាថា កុំក្រអឺតក្រទម និងមើលស្រាលការអត់ធ្មត់របស់ចិន។ ចិនមិនចង់មានជម្លោះជាមួយឥណ្ឌាឡើយ ប៉ុន្ដែចិនក៏មិនខ្លាចឥណ្ឌាដែរ»៕