មន្រ្តីជាន់ខ្ពស់នគរបាល ស្នើឲ្យចាត់វិធានការ លើការសម្ដែងឈុតកំប្លែងខ្លី ដែលប៉ះពាល់ដល់កិត្តិយសប៉ូលិស

0

ភ្នំពេញ៖ សមាគមមិត្តនគរបាលជាតិកម្ពុជា បានស្នើឲ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយពិនិត្យ និងសម្រួលចាត់វិធានការ កែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករ ដែលបានផលិត និងសម្ដែងឈុតវីដេអូកំប្លែងខ្លីៗ ដែលនាំឲ្យផលប៉ះពាល់ កិត្តិយសមន្ត្រីនគរបាលជាតិ ។

យោងតាមលិខិតរបស់ សមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៥ មិថុនា បានឲ្យដឹងថា «មួយរយៈកន្លងមកនេះ ជាពិសេសស្ថិតក្នុងស្ថានភាព ដែលក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើយុទ្ធនាការពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ សមាគមមិត្ត នគរបាលជាតិកម្ពុជា បានពិនិត្យ និងសង្កេតឃើញថា មានស្ថានីយទូរទស្សន៍ ក៏ដូចជាសិល្បករមួយចំនួនបានផលិត ជាខ្សែវីដេអូកំប្លែងខ្លី ដោយឈុតសាច់រឿងខ្លះ បានសម្ដែងជាតួអង្គមន្ត្រីនគរបាលជាតិ ដែលមានការស្លៀកពាក់ ឯកសណ្ឋានមិនបានត្រឹមត្រូវ និងមិនគ្រប់គ្រាន់សញ្ញាសម្គាល់ ផ្អែកតាមបទដ្ឋាន ស្ដីពីឯកសណ្ឋាន និងស្លាកសញ្ញាមន្ត្រី នគរបាលជាតិដែលបានកំណត់ ហើយតួអង្គនគរបាលមានសក់វែង និងបានប្រើពាក្យសំដីខ្លះមិនសមរម្យទៅនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ មន្ត្រីនគរបាលជាតិទៀតផង» ។

តាមរយៈសកម្មភាពក្នុងខ្សែវីដេអូ ត្រូវបានមជ្ឈដ្ឋានខាងក្រៅ ធ្វើការចែករំលែកគ្នាទៅវិញទៅមក យ៉ាងទូលំទូលាយ នៅក្នុងបណ្ដាញសង្គម ដែលសមាគមមិត្តនគរបាលជាតិកម្ពុជា បានយល់ឃើញថា ពិតជាមានផលប៉ះពាល់ជះឥទ្ធិពល មិនល្អដល់កិត្យានុភាព និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំងនគរបាលជាតិ ដែលបាននឹងកំពុង ខិតខំប្រឹងប្រែងបំពេញភារកិច្ច ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងស្ថេរភាពសង្គម ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ។

សមាគមមិត្តនគរបាលជាតិកម្ពុជា ក៏បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាពិនិត្យ និងជួយសម្រួលចាត់វិធានការ កែលម្អដល់ស្ថានីយទូរទស្សន៍ ក៏ដូចជាក្រុមសិល្បករដែលមាន ចំណុចខ្វះខាតតាមការគួរ ៕