យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល របស់ប្រទេសប្រេស៊ីលបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារវីរុសកូវីដ១៩ បានកើនឡើងដល់ ២០,០០០នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលគិតត្រឹមរយៈពេល ២៤ម៉ោងចុងក្រោយមានអ្នកស្លាប់ ១,១៨៨នាក់។
ទិន្នន័យផ្លូវការរបស់ប្រទេសប្រេស៊ីល បានបង្ហាញថាអ្នកស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ បានកើនដល់ចំនួន ខ្ពស់បំផុតទី៦ នៅលើពិភពលោក ពោលគឺបានកើនឡើងរហូតដល់២ដង បើធៀបនឹងរយៈ១១ថ្ងៃកន្លងមក។ ចំននួនវិជ្ជមានកូវីដ១៩ ក្នុងប្រទេសប្រេស៊ីល គឺនៅពីក្រោយសហរដ្ឋអាមេរិក និងរុស្ស៊ី ខណៈដែលចំនួនសរុប នៅទូទាំងពិភពលោកបានកើនឡើងដល់ ៥លានករណី នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់របស់សាកលវិទ្យាល័យ Johns Hopkins របស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា រដ្ឋសៅប៉ូឡូរបស់ប្រេស៊ីល នៅតែជាចំនុចកណ្តាលនៃការផ្ទុះវីរុសនេះ ដែលមានអ្នកឆ្លងសរុបរហូតដល់ ៧០,០០០ករណី និងអ្នកស្លាប់មានចំនួន ៥,០០០នាក់៕