កុំចេះតែហ៊ាន! នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំដែលផឹកស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានបញ្ចប់មុខតំណែងហើយ

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ឧសភាបានចេញប្រកាសសម្រេចបញ្ចប់មុខតំណែង លោកវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ០៣៨៧៤ នាយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក្រោយបើករថយន្តទាំងស្រវឹងទៅបុកទ្រព្យសម្បត្តិសាធារណៈ និងជេរប្រមាថធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ។

នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជា ដែលផឹកស្រាស្រវឹងជោគជាំ បើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ និិងស្រែកជេរប្រមាថអភិបាលខេត្តកំពង់ធំ លោក សុខ លូ នៅថ្ងៃទី១៦ ឧសភា ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿនអគ្គស្នងការនគរបាលជាតិសេចក្ដីសម្រេច ផ្អាកការងារជាបណ្ដោះអាសន្ន។

គួរជម្រាបជូនថា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ លោក រុំ សុវិជ្ជាបានផឹកស្រាស្រវឹងជោគជាំ រួចបើករថយន្តបុករនាំង បរិវេណរូបសំណាក លោកតាអាចារ្យលាក់ បណ្តាលឱ្យខូចខាតនិងបានស្រែកជេរប្រមាថហើយចោទប្រកាន់យ៉ាងធ្ងន់ៗ ទៅលើអភិបាលខេត្តកំពង់ធំ លោក សុខ លូ ថា នៅទីតាំកើតហេតុ មិន មានដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ។គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១២នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។។

សូមរំលឹកថា លោក រុំ សុវិជ្ជា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន ៕