រដ្ឋាភិបាលសហរដ្ឋអាមេរិក បាននឹងកំពុងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន រាប់រយបន្ថែមទៀត ដើម្បីបន្ធូរបន្ថយភាពតានតឹង លើប្រព័ន្ធថែទាំសុខភាពដ៏ច្រើនលើសលុប ខណៈដែលប្រទេសមួយនេះមានអ្នកស្លាប់កើនឡើងជាបន្តបន្ទាប់ ហើយវាជាលើកដំបូងសម្រាប់សហរដ្ឋអាមេរិកដែលមានអ្នកស្លាប់ រហូតដល់ ៧០០នាក់ ក្នុងរយៈពេល ១ថ្ងៃ(ថ្ងៃអង្គារ ៣១ មីនា) នោះមានន័យថា មានមនុស្សស្លាប់រៀងរាល់ ២នាទីម្តង។
ជិតពាក់កណ្តាល នៃអ្នកស្លាប់ទាំងអស់ គឺស្ថិតនៅក្នុងរដ្ឋញូវយ៉ក ដែលជាចំណុចកណ្តាលនៃការរាតត្បាតនៃ វីរ៉ុសកូវីដ១៩ ហើយអភិបាលក្រុងញូវយ៉កលោក Bill de Blasio បានស្នើរសុំការពង្រឹងបន្ថែមទៀតពីរដ្ឋបាល លោក Trump ដោយបាននិយាយថា ស្ថានភាពដ៏អាក្រក់នេះនឹងបន្តរាប់សប្តាហ៍ទៀត។
លោក de Blasio បាននិយាយថា «នេះជាចំណុចដែលយើងត្រូវត្រៀមសម្រាប់សប្តាហ៍ក្រោយ ហើយយើងរំពឹងថាវានឹងមានការកើននូវចំនួនអ្នកឆ្លងមេរោគផ្លូវដង្ហើមនេះ។ អ្វីដែលខ្ញុំបានស្នើរសុំកាលពីសប្តាហ៍មុន គឺសុំឲ្យមានការដាក់ពង្រាយបុគ្គលិកពេទ្យយោធា នៅក្នុងតំបន់នេះ»៕