ជួលឃាតករសម្លាប់ម្តាយដើម្បីលុយ 45ម៉ឺនដុល្លាធានាមិត្តប្រុសនៅក្រៅឃុំ

0

ប្រទេសថៃ៖ កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ​ ២០១៩ នេះ នារីជនជាតិថៃ កានឆាណា ស្រ៊ីសាង អាយុ ២៥ឆ្នាំ សារភាពថានាងបានជួលឃាតករពីរនាក់ក្នុងតំលៃ ២សែនបាត សម្លាប់ម្តាយរបស់នាងដើម្បីទទួលបានលុយធានារាប់រងនិងដីមរតក។

យោងតាមកាសែត Bangkok Post បានអោយដឹងថា នារីដែលចង់បានលុយពីធានារាប់រងអាយុជីវិតដែលមានតំលៃ ១សែនបាត និងដីនៅខេត្ត ភេតឆាបួរី ដែលមានតំលៃ ១០លានបាត យោងតាមរបាយការណ៍នាងចង់បានលុយទាំងនេះដើម្បីធានាមិត្តប្រុសរបស់នាងអោយនៅក្រៅឃុំ ដោយមិត្តប្រុសរបស់នាងត្រូវប៉ូលីសឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀនកាលពីខែមេសា ។

ការសើបអង្កេតបានបង្ហាញថានាងបានជួលឃាតករ២រូប ១.ប្រាឈើន ក្រាប៊ីនរុត អាយុ ៤០ឆ្នាំ ២.ឈាងប្រាឌីត ៣៥ឆ្នាំ ដើម្បីអោយសម្លាប់ម្តាយរបស់នាង ។

គំរោងការណ៍របស់នាងអនុវត្តនៅថ្ងៃទី ២២​ មិថុនា ដែលឃាតករបានបាញ់ម្តាយរបស់នាងរងរបួសធ្ងន់ធ្ងរខណៈពេលដែលគាត់កំពុងជិះកង់នៅផ្ទះពេលយប់ ស្ត្រីជាម្តាយត្រូវបានសង្គ្រោះជីវិតពីការបាញ់ប្រហារដោយសន្លប់រយះពេលជាងមួយខែនៅមន្ទីរពេទ្យមុនពេលអ្នកស្រីបានធូរស្រាលនិងដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច ។

ប៉ូលីសបានចាប់នាង កានឆាណា បន្ទាប់ពីរកឃើញថានាងមានទំនាក់ទំនងជាមួយឃាតករបន្ទាប់ពី​ឆែកទូរស័ព្ទរបស់នាង យាយរបស់នាងកានឆាណា បានអោយដឹងថា នេះមិនមែនជាលើកទីមួយទេដែលនាងព្យាយាមប៉ុនប៉ងសម្លាប់ម្តាយរបស់នាង លោកយាយបាននិយាយថា “កូនស្រីរបស់ខ្ញុំធ្លាប់មានគេលបបាញ់ម្តងហើយកាលពីខែមករា តែសំណាងល្អដែលកាំភ្លើងបាញ់មិនចេញ” លោកយាយបានប្រាប់សមត្ថកិច្ចថាលោកយាយសង្ស័យថាមានអ្នកណាម្នាក់ព្យាយាមដាក់ថ្នាំសម្លាប់លោកយាយមុននឹងហេតុការណ៍បាញ់ប្រហារ លោកយាយបានរកឃើញភេសជ្ជៈដែលមានក្លិនមិនធម្មតាក្នុងទូរទឹកកកបន្ទាប់មកលោកយាយយកទៅចាក់ចោលស្រាប់តែឃើញស្រមោចដែលបានស៊ីភេសជ្ជៈនោះបានងាប់ ។

សមត្ថកិច្ចបានលើកឡើងថា “បើទោះជានាង កានឆាណា សារភាពក៏ដោយក៏យើងនៅតែបន្តសើបអង្កេតពីព្រោះនាងមិនដែលមានបទឧក្រិតពីមុនមកទេ យើងសង្ស័យថាមិត្តប្រុសរបស់នាងអាចនឹងបង្ខំនាងអោយធ្វើរឿងនេះ”  ៕