កិច្ចពិភាក្សាពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិនចាប់ផ្តើមឡើងវិញ

0

ចិននិងសហរដ្ឋអាមេរិក បានចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្មជាផ្លូវការមួយនៅទីក្រុងសៀងហៃកាលពីព្រឹកថ្ងៃពុធ (៣១ កក្កដា ២០១៩) ក្នុងគោលបំណងដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មមួយឆ្នាំពេញ ទោះបីមានការជេរប្រទេចតាមរយៈ Tweeter របស់ប្រធានាធិបតីដូណាល់ត្រាំក៏ដោយ។
តំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Steven Mnuchin បានចាប់ដៃជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He កាលពីព្រឹកថ្ងៃពុធ មុនពេលបិទទ្វារសម្រាប់កិច្ចពិភាក្សាទ្វេភាគីលើកទី ១២ រវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរនៅលើពិភពលោក។
រហូតមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាទៅវិញទៅមកដោយការដាក់ទណ្ឌកម្ម ដែលមានទំហំទឹកប្រាក់ជាង ៣៦០ ពាន់លានដុល្លារ ក្នុងពាណិជ្ជកម្មទ្វេភាគីដោយឈលើមូលដ្ឋានផ្តោតទាមទារ ឲ្យចិនទប់ស្កាត់ការលួចបច្ចេកវិទ្យាអាមេរិក។
មន្ត្រីប្រតិភូសហរដ្ឋអាមេរិក បានទៅដល់ទីក្រុងសៀងហៃ កាលពីថ្ងៃអង្គារ៍ ហើយបានចូលរួមជាមួយប្រតិភូមន្រ្តីភាគីចិនសម្រាប់អាហារពេលល្ងាច និងការពិភាក្សាក្រៅផ្លូវការ ។ ប៉ុន្តែលោក Trump បែរជាបង្ហោះពាក្យបញ្ចើចបញ្ចើលើ Twitter របស់លោកទៅវិញ។ លោក Trump បានសរសេរនៅថ្ងៃអង្គារថា “My team is negotiating with them now, but they always change the deal in the end to their benefit,” ដែលមានន័យថា “ក្រុមការងាររបស់ខ្ញុំកំពុងចរចាជាមួយពួកគេឥឡូវនេះ ប៉ុន្តែពួកគេតែងតែផ្លាស់ប្តូរកិច្ចព្រមព្រៀងជានិច្ច ហើយនៅចុងបញ្ចប់ គឺដើម្បីតែផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះ” ។
នៅពេលនេះមេដឹកនាំអាមេរិកបាននិយាយថា ទីក្រុងប៉េកាំងត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមទិញផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ប៉ុន្តែពួកគេមិនបានបង្ហាញសញ្ញាណាមួយដែលពួកគេកំពុងធ្វើនោះទេ។
ការអត្ថាធិប្បាយមួយ នៅក្នុងកាសែតប្រជាជនរបស់បក្សកុម្មុយនីស្តនៃប្រទេសចិន នៅថ្ងៃពុធខណៈពេលដែលមិននិយាយពីឈ្មោះ Trump បានត្អូញត្អែរថា នៅពេលកិច្ចពិភាក្សាបានចាប់ផ្តើម“ ស្គររបស់ជនជាតិអាមេរិកាំងមួយចំនួន​ បានវាយប្រហារម្តងទៀតធ្វើអោយរំខានដល់បទភ្លេងដែលកំពុងតែពិរោះ” ៕