ឡានដឹកទំនិញផ្ទុកលើសពី ២៧០ គីឡូក្រាម (៦០០ ផោន) ដែលមានតម្លៃគិតជាប្រាក់ស្មើនឹងប្រមាណ ២០០លានដុល្លាអូស្រ្តាលី បែរជាបើកទៅបុករថយន្តប៉ូលីស នៅមុខប៉ុស្តិ៍ប៉ូលីសស៊ីដនីទៅវិញ។
សំណុំឯកសារឧក្រិតកម្មគ្រឿងញៀនដ៏ធំមួយត្រូវបានបំបែកបាន នៅមុខប៉ុស្តិ៍ប៉ូលីសមួយនៅជាយក្រុងស៊ីដនី កាលពីព្រឹកថ្ងៃចន្ទ ខណៈពេលដែលឡានផ្ទុកគ្រឿងញៀនមួយ បើកបរដោយបុរសម្នាក់វ័យ ២៨ឆ្នាំ បើកបុកឡានប៉ូលីសដែលត្រៀមចេញល្បាត ធ្វើអោយមានភាពឆោឡោកើតឡើង។
ក្រុមប៉ូលីសគិតថាគ្រាន់តែជាការធ្វេសប្រហែសរបស់អ្នកបើកបរប៉ុណ្ណោះ ក្រោយពេលធ្វើការសាកសួរ ក៏មានភាពសង្ស័យហើយក៏បានឆែកឆេ ប្រអប់ទំនិញក្នុងឡាន ស្រាប់តែឃើញសុទ្ធតែគ្រឿងញៀន ដែលមានទម្ងន់រហូតដល់ ២៧០គីឡូក្រាម និងមានតម្លៃគិតជាប្រាក់ប្រមាណ ២០០លានដុល្លាអូស្រ្តាលី ។ សារធាតុដែលត្រូវបានគេស្គាល់ថាជាហេរ៉ូអ៊ីនទឹកកក ត្រូវបានគេយកទៅដាក់ក្នុងប្រអប់ចល័តក្រដាស់ ហើយដាក់ក្នុងឡានវែន ដែលប៉ូលីសចាប់នោះ៕