ទីភ្នាក់ងារអវកាសរបស់ជប៉ុនបានប្រកាសពីផែនការនៃការប៉ុនប៉ងបំផ្ទុះនៅលើអាចម៍ផ្កាយមួយដែលមានចំងាយប្រមាណជា១៩៥លានម៉ាយពីភពផែនដីយើង។ការបំផ្ទុះនឹងបង្កើតបានជារណ្ដៅមួយធំល្មមដែលយានអាវកាសរបស់ជប៉ុនអាចចូលទៅដើម្បីប្រមូលយកសំណាកមួយចំនួនធ្វើជាគំរូក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅលើប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ។
យានអាវកាស Hayabusa-2នឹងត្រូវដាក់ពង្រាយជាមួយនឹងយានតូចមួយដែលមានផ្ទុកនូវគ្រឿងផ្ទុះខ្ចប់ ដោយប្លាស្ទិកសម្រាប់បំផ្ទុះឲ្យចេញជារណ្ដៅនៅលើអាចម៍ផ្កាយដែលត្រូវបានគេដាក់ឈ្មោះថា Ryugu ។
ទីភ្នាក់ងារអវកាសជប៉ុនឬហៅកាត់ថាJAXAបាននិយាយកាលពីថ្ងៃសុក្រនេះថាបន្ទាប់ពីការដាក់ពង្រាយយានតូច ឲ្យចូលទៅក្នុងគន្លងតារារបស់អាចម៍ផ្កាយមកយានអាវកាស Hayabusa-2 នឹងត្រូវបានផ្លាស់ប្តូរទីតាំងឲ្យឆ្ងាយពីកន្លែងផ្ទុះ។
ប្រសិនបើបេសកកម្មទទួលបានជោគជ័យនោះយានអាវកាសដដែលនេះ នឹងវិលត្រឡប់ទៅកាន់រណ្តៅអាចម៍ផ្កាយវិញ ដើម្បីប្រមូលយកសំណាកដែលស្ថិតនៅជម្រៅជ្រៅលើអាចម៍ផ្កាយដែលត្រូវបានការពារពីបរិយាកាសអាក្រក់និងត្រឡប់មកផែនដីវិញ៕
ប្រែសម្រួល:Lee