ប្រភពមួយរបស់ប៉ូលីសបាននិយាយថាយន្តហោះធុនស្រាលមួយគ្រឿង បានធ្លាក់នៅតំបន់ Great Rift Valley ប្រទេសកេនយ៉ា កាលពីថ្ងៃពុធដោយបានសម្លាប់មនុស្ស 5នាក់ ដោយរួមមានជនជាតិអាមេរិក 3 នាក់ផងដែរ។
សាក្សីបានឃើញយន្តហោះនេះ បានបុកដើមឈើខណៈដែលវាព្យាយាមចុះចតបន្ទាន់ ហើយវាបានធ្លាក់នៅទីវាលមួយនៅស្រុក Kericho ភាគខាងលិចនៃរដ្ឋធានី Nairobi ។ ប្រភពពីប៉ូលិសបាននិយាយថា អ្នកបើកបរជនជាតិកេនយ៉ា និងអ្នកដំណើរម្នាក់ទៀតដែលមិនស្គាល់អត្តសញ្ញាណក៏បានស្លាប់ផងដែរ។
លោក Joseph Ng’ethe ដែលជាអ្នកបានឃើញហេតុការណ៍ បាននិយាយថា «យន្តហោះបានបុកដើមឈើ ហើយកង់ក្រោយបានដាច់ចេញ បន្ទាប់មកវាបានបន្តទៅបុកដើមឈើមួយទៀតនៅពីមុខ រួចហើយក៏ធ្លាក់ចុះមក»។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលកេនយ៉ា (KCAA) បាននិយាយថាខ្លួនបានទទួលសញ្ញាអាសន្នពីយន្ដហោះ 5YBSE ដែលកំពុងហោះហើរពីតំបន់អភិរក្សសត្វព្រៃ Maasai Mara ទៅភាគខាងជើងនៃ Turkana នៅពេលវាបានធ្លាក់។ KCAA បាននិយាយថា «នេះបានជំរុញឱ្យក្រុមស្រាវជ្រាវ និងសង្គ្រោះរបស់យើងចាប់ផ្តើមបេសកកម្មបន្ទាន់មួយ» ហើយលោកបានបន្ថែមទៀតថាយើងក៏បានបើកការស៊ើបអង្កេតភ្លាមៗតែម្តង។
ប្រភពព័ត៌មានផ្សេងទៀតបាននិយាយថា ជនរងគ្រោះជនជាតិអាមេរិចនោះគឺមានជាបុរសមា្នក់ និងស្ត្រីពីរនាក់។
សាក្សីបាននិយាយថាយន្ដហោះនេះមានសម្លេងយ៉ាងចម្លែក នៅពេលវាហោះមកដល់តំបន់នេះ។ ពួកគេបាននិយាយថាអ្នកបើកយន្តហោះបានធ្វើកាយវិការប្រាប់ទៅកាន់អ្នកដែលនៅខាងក្រោម ឲ្យគេចចេញមុនពេលយន្តហោះនេះបានធ្លាក់៕