ប្រមុខរាជរដ្ឋាភិបាលចង់ឃើញយុវវ័យ​រៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ប្រពៃណីខ្មែរ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចង់ឃើញយុវវ័យជាពិសេសកម្មករកម្មការិនី​មានកូនពូនជាចៅដោយសុភមង្គលហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្រ្តីនៅថ្ងៃទី១៤ កុម្ភៈនេះបានឲ្យដឹងថា”ជាការពិតតាតែងតែចង់ឃើញក្មួយៗចៅៗកម្មករកម្មការិនីមានកូនពូនជាចៅ​ដោយសុភមង្គលហើយសុភមង្គលត្រូវតែកើតចេញពីការរៀបចំគ្រួសារមួយត្រឹមត្រូវតាមច្បាប់ និងទំនៀមទម្លាប់ ប្រពៃណីខ្មែរ អំពើផ្សេងពីនេះនឹងមិននាំមកនូវសុភមង្គលឡើយទាំងខាងចៅស្រីក៏ដូចជាខាងចៅប្រុស”។
បន្ថែមលើនោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបង្ហាញចំណាប់អារម្មណ៍ថា”ថ្ងៃនេះជាថ្ងៃ ១០ កើត ខែមាឃ ឆ្នាំច បើនិយាយជាថ្ងៃតាមចន្ទគតិបែបនេះប្រហែលជាគ្មានក្មួយៗចៅៗណាចាប់អារម្មណ៍ទេមើលទៅ តែបើនិយាយថាជាថ្ងៃ១៤កុម្ភៈ ប្រហែលជាមានអ្នកចាប់អារម្មណ៍ច្រើន អ្នកខ្លះប្រហែលជាបានរៀបចំផែនការរួចរាល់ហើយផងក៏មិនដឹង។
ថ្ងៃនេះតាមិនចង់និយាយពីរឿងនយោបាយអីទេគ្រាន់តែចង់និយាយទៅកាន់ចៅៗដែលទើបពេញវ័យ។ ចៅៗសុទ្ធតែដឹងហើយថាអ្វីដែលគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ជាពិសេសនៅថ្ងៃទិវានៃក្តីស្រលាញ់នេះតែម្តង ។ តានិយាយនេះ មិនមែនចង់ជ្រៀតជ្រែកចូលកិច្ចការយុវវ័យនោះទេ​តែការប្រព្រឹត្តខុសប្រពៃណីទំនៀមទម្លាប់ខ្មែរក៏មិនមែនជាកិច្ចការយុវជនយុវនារីដែរ ។ តាមកដល់អាយុប៉ុណ្ណេះ តាក៏ធ្លាប់ឆ្លងកាត់ជីវិតយុវវ័យដែរតាដឹងថាអារម្មណ៍រំភើបពេលជួបអ្នកដែលខ្លួនស្រលាញ់វាយ៉ាងដូចម្តេច។ នៅក្នុងសម័យយុវវ័យរបស់តា និងយាយ ទោះពេលនោះយើងស្ថិតក្នុងសម័យសង្គ្រាមតស៊ូទោះជាពួកយើងស្រលាញ់គ្នាយ៉ាងណា ក៏ពួកយើងនៅតែគោរពគ្នា រក្សាប្រពៃណី តស៊ូជាមួយគ្នារហូតដល់ក្លាយជាប្តីប្រពន្ធដែលទទួលស្គាល់ដោយសង្គម”៕