ព្យុះកំបុតត្បូងដែលបោកបក់យ៉ាងខ្លាំង នៅរដ្ឋធានីហាវ៉ាណាកាលពីយប់ថ្ងៃអាទិត្យ បានធ្វើឱ្យមនុស្ស3នាក់ស្លាប់ និង 172នាក់រងរបួស។ រូបថតយ៉ាងច្រើនបង្ហាញពីកំទេចកំទីគ្របដណ្តប់លើរថយន្ត និងទឹកជំនន់នៅតាមតំបន់ឆ្នេរនៃទីក្រុង។


ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានទៅពិនិត្យក្រុមសង្គ្រោះបន្ទាន់ នៅជុំវិញទីក្រុងទាំងយប់ ហើយបានសរសេរនៅលើ Twitter ថាការខូចខាតនេះគឺ “ធ្ងន់ធ្ងរ” ។
ខ្យល់បោកបក់ខ្លាំង បានបំផ្លាញអាគារ និងបណ្តាលឱ្យមានទឹកជំនន់នៅក្នុងតំបន់ទំនាបហាវ៉ាណា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ហើយខេត្តមួយចំនួនដូចជាខេត្ត Pinar del Río, Artemisa និង Mayabeque ក៏រងផលប៉ះពាល់ដែរ ហើយល្បឿនខ្យល់កើនឡើងដល់ 62ម៉ាយក្នុងមួយម៉ោង។
តាមរបាយការណ៍បានឲ្យដឹងថា វិទ្យាស្ថានឧតុនិយមគុយបានឹងវាយតម្លៃពីវិសាលភាព នៃការខូចខាត និងកំលាំងនៃព្យុះនៅប៉ុន្មានម៉ោងខាងមុខនេះ។
តារាសម្តែងគុយបាលោក Luis Silva បាននិយាយថាគាត់កំពុងបើកបរជាមួយប្រពន្ធនិងកូន ៗ របស់គាត់នៅពេលព្យុះកំបុតត្បូងបានវាយប្រហារ ចំណែកឯអ្នកស្រុកបាននិយាយថា ព្យុះកំបុតត្បូងនេះមានសំឡេងដូចយន្តហោះប្រតិកម្មអញ្ចឹង៕

