ភ្នំពេញ៖ យុវជនមកពីខេត្តបន្ទាយមានជ័យជាកូនកសិករខ្មែរម្នាក់ បានបង្កើតនូវផលិតផលថ្មីសម្រេចមួយទៀតគឺ មីល្ពៅ ក្រោយបញ្ចប់ការសិក្សា ស្រាវជ្រាវធ្វើរយៈពេល២ឆ្នាំ ។
គឹម វ៉ាង អាយុ ២៦ឆ្នាំ បានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៧ នៃសាកលវិទ្យាល័យបាត់ដំបង បរិញ្ញាបត្រជំនាញវិទ្យាសាស្ត្រចំណីអាហារ ។
បើតាមការឲ្យដឹងពីយុវជនខាងលើ តាមរយៈប្រពន្ធទូរស័ព្ទជាមួយក្រុមការងារ OBN Asia នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នេះ យុវជន មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បានលើកឡើងថា គោលបំណងតែមួយគតនៃការធ្វើមីល្ពៅ គឺចង់ប្រមូលទិញល្ពៅពីកសិករខ្មែរ ដោយយកមកបង្កើតនូវអ្វីដែលថ្មី ប្លែកក្លិនល្ពៅ រសជាតិល្ពៅ ។
យុវជនជាកូនសិករមកពីខេត្តបន្ទាយមានជ័យរូបនេះ បានបន្តថា ខ្លួនបានស្រាវជ្រាវធ្វើមីនេះ អស់រយៈពេល ២ឆ្នាំមកហើយ ហើយគោលបំណងធំបំ ផុត គឺចង់ឲ្យអ្នកខេត្តបាត់ដំបង ចង់ភ្លក់រសជាតិមីល្ពៅដែលខ្លួនធ្វើ ប៉ុន្តែមានរឿងខ្លះនឹកស្មានមិនដល់ ដោយការចាប់ផ្តើមលក់ដំបូង គេមិនបានយកភ្នែកមើលនូវផលិតផលដែលខ្លួនបានបង្កើតនោះទេ ។ យុវជនកំពុងត្រៀមរៀនយកផ្នែកអនុបណ្ឌិតលើមុខជំនាញបច្ចុប្បន្នរូបនេះ បានបន្តថា ដោយសារស្រលាញ់អ្នកខេត្តបាត់ដំបង ទីកន្លែងស្រួលរស់នៅក៏ចង់ឲ្យពួកគាត់ភ្លក់មុនគេ នូវអ្វីដែលខ្ញុំបានបង្ហាញ ក៏ដាច់ចិត្តបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកម្សិលមិញ ហើយក៏ឃើញថា ទទួលបានការគាំទ្រច្រើនមែនទែន ដោយមានអ្នកខលចូលសុំទិញ និងកម្ម៉ង់បាក់ទឹកភ្លូកដីតែម្តង ។
គឹម វ៉ាង ក៏បានបញ្ជាក់ថា សម្រាប់មីល្ពៅនេះ គឺគ្រឿងផ្សំវាមាន ម្សៅមី លាយបញ្ចូលគ្នាជាមួយល្ពៅ ទឹក និងអំបិល បន្ទាប់ពីលាយល្បាយចូលគ្នា រួចហើយយកវាទៅបំពង ព្រោះថាសម្រាប់ខ្ញុំគ្មានថវិកាដើម្បីទិញម៉ាស៊ីសម្ងួត នោះទេ អ៊ីចឹងមានតែប្រើវិធីបំពងនេះ ។
លោកថា មីល្ពៅនេះ មានរសជាតិឆ្ងាញ់ ហូបទៅមានជាតិខ្ទិះ ខុសពីមីធម្មតា ហើយផ្តល់គុណតម្លៃដល់សុខភាពប្រជាជនក្នុងស្រុកថែមទៀតផង ។
យុវជននេះថា បើសិនជាមានដៃគូចង់សហការបង្កើតឡើងជាខ្នាតធំ លោកនឹងព្រម តែសុំមើលការចរចារគ្នាសិន ខណៈដែលបច្ចុប្បន្នអាចធ្វើ បានដោយលោកតែម្នាក់ឯង ត្រឹមតែ ២០កញ្ចប់ក្នុងមួយថ្ងៃ ដោយមួយកញ្ចប់ទម្ងន់ពី ៤០០ក្រាម ហើយតម្លៃទៀតសោតមិនថ្លៃនោះទេ ៕