ពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBSTមានប្រវែង១.៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់

0

ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃអភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្រជាពលរដ្ឋដែលរស់នៅពីរសង្កាត់មានសំណាងបានទទួលផ្លូវក្រាលកៅស៊ូDBSTមានប្រវែង១.៦៣៧ម៉ែត្រ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

ឯកឧត្តម លើកឡើងដូច្នេះនៅក្នុងឱកាសដែលឯកឧត្តមបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្នុងពិធីពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ DBSTមានប្រវែង១.៦៣៧ម៉ែត្រ ស្ថិតនៅសង្កាត់កំពង់ក្របៅ និងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីជាកាដូចំណងដៃដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររដ្ឋបាលខេត្តកំពង់ធំ ជួយសាងសង់ផ្លូវមួយខ្សែ និងបំពាក់សូឡាបំភ្លឺតាមដងផ្លូវ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទាំងយប់ទាំងថ្ងៃប្រកបដោយសុវត្ថិភាព។ ជាក់ស្ដែងផ្លូវនេះពីមុនលំបាកធ្វើដំណើរ ហើយក៏ជាទំនប់សន្តិភាពសម្រាប់ទប់ទឹក ស្ទាក់ទឹកកុំឱ្យហូរចូលក្រុង ដើម្បីបញ្ជៀសទឹកការពារមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ ដោយសង្កេតឃើញពីការធ្វើដំណើរដ៏លំបាក ឯកឧត្តមអភិបាលខេត្ត ឱ្យក្រុមការងារចុះពិនិត្យស្រាវជ្រាវ សម្រេចកសាងផ្លូវនេះឱ្យបានលឿនបំផុត ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរនាពេលខាងមុខនេះ។

ឯកឧត្តម នួន ផារ័ត្ន ក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋទាំងពីរសង្កាត់ សូមចូលរួមថែរក្សាផ្លូវកៅស៊ូDBSTមានប្រវែង១.៦៣៧ម៉ែត្រនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូDBST និងបើកបញ្ជាគ្រឿងចក្រផងដែរ។

តាមលោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា ក្រោមការដឹកនាំដោយ ឯកឧត្តម នួន ផារ័ត្ន រដ្ឋបាលក្រុង ទទួលបានការជួយគាំទ្រ ក្នុងការសាងសង់កំណាត់ផ្លូវនេះ នាពេលនេះ ជាប្រភេទផ្លូវកៅស៊ូ DBST ដែលមានប្រវែង១.៦៣៧ ម៉ែត្រ ក្នុងនោះស្ថិតនៅភូមិកំពង់ក្របៅសង្កាត់កំពង់ក្របៅមានប្រវែង៨៦៥ម៉ែត្រ និងស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ មានប្រវែង៧៧២ម៉ែត្រ(ផ្លូវទំនប់សន្តិភាព)៕