បារាំង បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការពារជាតិជុំវិញភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់

0

លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងបានកោះប្រជុំរដ្ឋមន្ត្រី និងអ្នកជំនាញសំខាន់ៗ ដើម្បីពិភាក្សាជាពិសេសអំពីប្រទេសអ៊ីរ៉ង់ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ ខណៈដែលភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងកើនឡើងយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលផ្តោតលើប្រធានបទតែមួយបែបនេះ កម្រនឹងធ្វើឡើងណាស់ ហើយវាបង្ហាញពីការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុបរបស់ ទីក្រុងវ៉ាស៊ីនតោនថា សហរដ្ឋអាមេរិក ឬអ៊ីស្រាអែលអាចនឹងបើកការវាយប្រហារតាមអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រសិនបើការចរចារហ័សលើកម្មវិធីនុយក្លេអ៊ែរ មិនអាចសម្រេចបាន។

គួរបញ្ជាក់ថា ការប្រជុំនេះកើតឡើងក្នុងពេលដែលលោក ត្រាំ បានគំរាមកំហែងអ៊ីរ៉ង់ជាមួយនឹងការទម្លាក់គ្រាប់បែក និងដំឡើងពន្ធបន្ថែម ប្រសិនបើខ្លួនមិនឈានដល់កិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់អីរ៉ង់ ដែលបណ្តាប្រទេសលោកខាងលិចបារម្ភថា កំពុងឆ្ពោះទៅរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលក៏នឹងមកដល់ទីក្រុងប៉ារីសនៅថ្ងៃព្រហស្បតិ៍នេះ ដោយមហាអំណាចអឺរ៉ុបកំពុងព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងការទូតជាមួយអ៊ីរ៉ង់ ដើម្បីចៀសវាងការកើនឡើងនៃជម្លោះ៕