រដ្ឋបាលរាជធានី-ខេត្ត រៀបចំតុបតែងលម្អមូលដ្ឋានយ៉ាងមមាញឹក ត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

0

ភ្នំពេញ ៖ ក្នុងស្មារតីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ និងបណ្តាខេត្តទូទាំងប្រទេសកម្ពុជា បាននិងកំពុងមមាញឹកក្នុងការរៀបចំតុបតែងលម្អទីសាធារណៈ និងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែស្រស់ស្អាត ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ និងប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយរីករាយ។

គ្រប់ទីកន្លែងក្នុងរាជធានី-ខេត្ត ត្រូវបានតុបតែងលម្អដោយភ្លើងពណ៌ចម្រុះរាប់ពាន់ខ្សែ ផ្កាភ្ញីស្រស់បំព្រង ចងទង់ជាតិព្រះរាជាណាចក្រកម្ពុជាយ៉ាងត្រដែតត្រដឹម ព្រមទាំងមានបដាពាក្យស្លោកស្វាគមន៍ និងគ្រឿងលម្អផ្សេងៗជាច្រើនទៀត ដែលបានរចនាឡើងយ៉ាងប៉ិនប្រសប់ និងប្រកបដោយសោភ័ណភាពគួរជាទីចាប់ចិត្ត។

អាជ្ញាធរ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានសហការគ្នាយ៉ាងសកម្មក្នុងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមទីកន្លែងនានា ដើម្បីផ្តល់ជូននូវបរិយាកាសសប្បាយរីករាយ និងកម្សាន្តជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។ ក្នុងឱកាសដ៏មហោឡារិកនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ អញ្ជើញចូលរួមអបអរសាទរសង្ក្រាន្តឆ្នាំថ្មីនៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយស្មារតីសប្បាយរីករាយ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្រៅពីការសប្បាយរីករាយ សូមប្រជាពលរដ្ឋមេត្តាចូលរួមផ្តល់ក្តីស្រលាញ់ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។ លើសពីនេះទៀត សូមចូលរួមថែរក្សាបរិស្ថានឱ្យបានស្អាត និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ព្រមទាំងលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិខ្មែរឱ្យកាន់តែរុងរឿង។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គឺជាឱកាសដ៏សំខាន់មួយសម្រាប់ប្រជាជនកម្ពុជាក្នុងការជួបជុំគ្រួសារ មិត្តភក្តិ និងសាច់ញាតិ ដើម្បីសប្បាយរីករាយ និងប្រារព្ធពិធីផ្សេងៗតាមទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ ការរៀបចំដ៏មហោឡារិកនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការផ្តល់ជូននូវបរិយាកាសដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕