កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បញ្ជាក់សារជាថ្មីអំពីកិច្ចសហប្រតិបត្តិការសម្រាប់គម្រោងយន្តហោះចម្បាំងរួមគ្នា

0

ទីភ្នាក់ងារទិញសព្វាវុធរបស់កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា មន្ត្រីការពារជាតិកូរ៉េខាងត្បូង និងឥណ្ឌូណេស៊ី បានអះអាងសារជាថ្មីនូវកិច្ចសហប្រតិបត្តិការរបស់ពួកគេសម្រាប់គម្រោងរួមគ្នាដើម្បីអភិវឌ្ឍន៍យន្តហោះចម្បាំងប្រភេទ KF-21។

រដ្ឋបាលកម្មវិធីការពារជាតិកូរ៉េខាងត្បូង (DAPA) បាននិយាយថា លោក ស៊ុក ចុងគុន (Seok Jong-gun) រដ្ឋមន្ត្រីនៃរដ្ឋបាលឋកម្មវិធីការពារជាតិ និងលោក ដូននី អឺម៉ាវ៉ាន់ តូហ្វេនតូ (Donny Ermawan Taufanto) អនុរដ្ឋមន្ត្រីក្រសួងការពារឥណ្ឌូណេស៊ី បានពិភាក្សាគ្នាអំពីគម្រោងអភិវឌ្ឍន៍រួមគ្នាមួយ ក៏ដូចជារបៀបវារៈនៃកិច្ចសហប្រតិបត្តិការសព្វាវុធផ្សេងទៀត នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងហ្សាកាតាកាលពីថ្ងៃសុក្រសប្តាហ៍មុន។

អាជ្ញាធរការពារជាតិកូរ៉េខាងត្បូង បានអនុម័តផែនការនេះកាលពីឆ្នាំមុនដើម្បីកាត់បន្ថយការរួមចំណែករបស់ឥណ្ឌូណេស៊ីចំពោះគម្រោងសាងសង់យន្តហោះចម្បាំងកម្រិតខ្ពស់នៅត្រឹមឆ្នាំ២០២៦ មកនៅត្រឹមតម្លៃ ៦០០ពាន់លានវ៉ុន (៤០៩លានដុល្លារអាម៉េរិក) ពីចំនួនដើម ១,៦ពាន់ពាន់លានវ៉ុន បន្ទាប់ពីការពន្យារពេលទូទាត់ប្រាក់ម្តងហើយម្តងទៀតរបស់ទីក្រុងហ្សាកាតា។

កាលពីដំបូង ឥណ្ឌូណេស៊ីបានព្រមព្រៀងទូទាត់ប្រាក់ប្រមាណ ២០% នៃកម្មវិធីដែលមានតម្លៃ ៨,១ពាន់ពាន់លានវ៉ុន ដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៥ ជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យា និងគំរូមួយក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត៕