បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ប្រចាំតំបន់មជ្ឈិមបូព៌ា បានស្តីបន្ទោសទៅលើក្រុមហាម៉ាស់ប៉ាឡេស្ទីន ចំពោះអរិភាពជាថ្មីម្តងទៀតនៅតំបន់ហ្គាហ្សា ដោយបញ្ជាក់សារជាថ្មីថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនគាំទ្រអ៊ីស្រាអែល។
ថ្លែងនៅក្នុងកម្មវិធីព័ត៌មាន Fox News Sunday លោក ស្ទីវ វីតកូហ្វ (Steve Witkoff) បានអះអាងថា ក្រុមហាម៉ាស់មានឱកាសច្រើនក្នុងការទប់ស្កាត់ការកើនឡើងភាពតានតឹងបន្ថែមទៀត។
លោកបាននិយាយថា «ក្រុមហាម៉ាស់មានឱកាសគ្រប់បែបយ៉ាងក្នុងការរំសាយយោធា ដើម្បីទទួលយកសំណើដែលភ្ជាប់ទៅនឹងការផ្តល់ឱ្យយើងនូវបទឈប់បាញ់គ្នារយៈពេលពី ៤០ ឬ ៥០ថ្ងៃ ដែលយើងអាចពិភាក្សាអំពីបញ្ហាគ្មានយោធា និងបទឈប់បាញ់ចុងក្រោយ»។
ទោះបីជាមានការកើនឡើងនៃភាពតានតឹងក៏ដោយ ក៏លោក វីតកូហ្វ បានបង្ហាញថា សហរដ្ឋអាមេរិកនៅតែបើកចំហចំពោះការចូលរួមក្នុងកិច្ចការងារការទូត។
យោធាអ៊ីស្រាអែលបានបន្តវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើតំបន់ហ្គាហ្សានៅថ្ងៃទី១៨ ខែមីនា បន្ទាប់ពីការផុតកំណត់បទឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានធ្វើឡើងចាប់តាំងពីថ្ងៃទី១៩ ខែមករាកន្លងមក។
ចាប់តាំងពីមានការវាយប្រហារឡើងវិញមក ជនជាតិប៉ាឡេស្ទីនជាង ៦៧០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាស្ត្រី កុមារ និងមនុស្សចាស់ ខណៈដែលជាង ១.២០០នាក់ផ្សេងទៀតបានរងរបួស។
ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៥០.០២១នាក់ និងរបួស ១១៣.២៧៤នាក់ផ្សេងទៀត។
បន្ទាប់ពីផុតកំណត់បទឈប់បាញ់គ្នាកន្លងមក អ៊ីស្រាអែលបានប្រកាសថាខ្លួននឹងបង្កើនសកម្មភាពយោធាប្រឆាំងនឹងក្រុមហាម៉ាស់ ដោយបដិសេធចំពោះសំណើបទឈប់បាញ់ថ្មី៕