អង់ហ្គោឡាបានបញ្ចប់តួនាទីរបស់ខ្លួនជាអ្នកសម្រុះសម្រួលសហភាពអាហ្រ្វិកដ៏សំខាន់រវាងក្រុមឧទ្ទាម M23 រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា។ នេះបើយោងតាមការប្រកាសកាលពីថ្ងៃចន្ទរបស់ការិយាល័យប្រធានាធិបតីអង់ហ្គោឡា ចំពេលដែលមានការខកចិត្តចំពោះកិច្ចចរចាដោយផ្ទាល់រវាងក្រុមឧទ្ទាម និងក្រុមគីនស្សាសាកាលពីពេលថ្មីៗនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីអង់ហ្គោឡាបានលើកឡើងអំពីតួនាទីរបស់លោកប្រធានាធិបតី ចូអៅ លូរេនកូ (Joao Lourenco) ជាប្រធានសហភាពអាហ្រ្វិក ដែលលោកបានចូលកាន់តំណែងនេះកាលពីក្នុងខែកុម្ភៈ។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការព្យាយាមចុងក្រោយបំផុតនៅក្នុងកិច្ចចរចាផ្ទាល់រវាងក្រុមឧទ្ទាម M23 និងរដ្ឋាភិបាលកុងហ្គោដែលធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា នៅក្នុងរដ្ឋធានីលូអាន់ដារបស់អង់ហ្គោឡាបានទទួលបរាជ័យ។ ក្រុមឧទ្ទាមដែលជាចំណុចកណ្តាលនៃជម្លោះនៅភាគខាងកើតកុងហ្គោ បានលុបចោលការចូលរួមរបស់ពួកគេ ដោយលើកឡើងពីការដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុបទៅលើមេដឹកនាំជាន់ខ្ពស់មួយចំនួនរបស់ពួកគេ។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ពីរខែបន្ទាប់ពីការឡើងកាន់តំណែងជាប្រធានសហភាពអាហ្រ្វិក ប្រទេសអង់ហ្គោឡាបានចាត់ទុកថាដល់ពេលហើយដែលត្រូវដោះលែងខ្លួនពីការទទួលខុសត្រូវរបស់អ្នកសម្រុះសម្រួលនៃជម្លោះនេះនៅភាគខាងកើតនៃសាធាណរដ្ឋប្រជាធិបតេយ្យកុងហ្គោ»។
ប្រធានគណៈកម្មការសហភាពអាហ្រ្វិក លោក ម៉ាមូដ អាលី យូសូហ្វ (Mahmoud Ali Youssouf) បានទទួលស្គាល់អំពីការដឹកនាំរបស់ប្រទេសអង់ហ្គោឡាក្នុងការគាំទ្រកិច្ចសន្ទនាស្តីពីវិបត្តិនៅភាគខាងកើតកុងហ្គោតាមរយៈដំណើរការលូអាន់ដា (Luanda)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីសប្តាហ៍មុន លោក យូសូហ្វ បានកោតសរសើរដល់លោក លូរេនកូ សម្រាប់ការចូលរួមប្រកបដោយនិរន្តរភាព និងការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសន្ទនា ការបន្ថយការកើនឡើងភាពតានតឹង និងការកសាងទំនុកចិត្តរវាងភាគីនានា៕