លោកស្រី វ៉ុន ដឺ ឡេយេន៖ សហភាពអឺរ៉ុបត្រៀមខ្លួន សម្រាប់កិច្ចចរចាពាណិជ្ជកម្មដ៏តឹងតែង ជាមួយសហរដ្ឋអាមេរិក

0

បរទេស៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បាននិយាយថា សហភាពអឺរ៉ុប (EU) បានរៀបចំសម្រាប់ការចរចាដ៏តឹងតែងជាមួយសហរដ្ឋអាមេរិក ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។ ការ​លើក​ឡើង​របស់​លោកស្រី​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាន​ប្រកាស​ពី​គម្រោង​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ពីសហភាពអឺរ៉ុប។

ថ្លែងអំពីទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែនអាត្លង់ទិក លោក វ៉ុន ដឺ ឡេយេន បានគូសបញ្ជាក់អំពីទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅរវាងភាគីទាំងពីរ ដោយលោកស្រីកត់សម្គាល់ថា ការងាររាប់លានអាស្រ័យលើភាពជាដៃគូ។

លោកស្រីបានប្រាប់សន្និសីទឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា «ក្រុមហ៊ុនអឺរ៉ុបនៅសហរដ្ឋអាមេរិកផ្តល់ការងារដល់ជនជាតិអាមេរិកចំនួន ៣,៥លាននាក់ ហើយការងារនៅសហរដ្ឋអាមេរិករាប់លានផ្សេងទៀតពឹងផ្អែកដោយផ្ទាល់លើពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ ទំហំពាណិជ្ជកម្មទាំងមូលរវាងពួកយើងគឺ ១,៥ប៊ីលានដុល្លារអាម៉េរិក»។ លោក​ស្រី​បាន​សង្កត់​ធ្ងន់​ថា ភាគី​ទាំង​ពីរ​មាន​បញ្ហា​ច្រើន។

លោកស្រីបាននិយាយថា «មានការងារ អាជីវកម្ម និងឧស្សាហកម្មនៅទីនេះ និងនៅក្នុងសហរដ្ឋអាមេរិក ដែលពឹងផ្អែកលើភាពជាដៃគូឆ្លងដែនអាត្លង់ទិក។ ដូច្នេះយើងចង់ធ្វើឱ្យវាដំណើរការ»។

លោកស្រីបានរំលឹកឡើងវិញថា សហភាពអឺរ៉ុបនៅតែបើកចំហ និងមានភាពជាក់ស្តែងក្នុងការសម្រេចបាននូវគោលបំណងរបស់ខ្លួន ប៉ុន្តែត្រូវការពារយ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន។

លោកស្រីបាននិយាយថា «យើងនឹងការពារផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើងជានិច្ច ទោះបីជាយ៉ាងណាក៏ដោយ និងនៅពេលណាដែលចាំបាច់។ នេះគឺជាវិធីរបស់សហភាពអឺរ៉ុប»៕