កំពង់ចាម៖ បើតាមអនុវត្តគម្រោង នៅចុងខែឧសភាខាងមុខ ទីលានចាក់សំរាមថ្មីទំហំជាង៨ហិកតា ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀមនឹងស្ថាបនារួចរាល់ ខណៈបច្ចុប្បន្នក្រុមជាងនិងក្រុមបច្ចេកទេសកំពុងមមាញឹកក្នុងការសាងសង់។
កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារ មន្ត្រីបច្ចេកទេស បានអញ្ជើញពិនិត្យដំណើរការ ការដ្ឋានការសាងសង់ទីលានចាក់សំរាមថ្មីទំនើប មាន ស្តង់ដា ។ក្នុងពេលពិនិត្យការងារ ទន្ទឹមនឹងការកោតសរសើរចំពោះទំនួលខុសត្រូវរបស់ក្រុមហ៊ុនទទួលសាងសង់ ឯកឧត្តមអភិបាលខេត្ត បានរំលឹកដល់អ្នកអនុវត្តគម្រោងបំពេញឱ្យបានតាមបណ្ដាចំណុចទាំងឡាយដែលមានចែងនៅក្នុងគម្រោង។
សូមជម្រាបថា ទីលានចាក់សំរាមថ្មីនេះកំពុងដំណើរការសាងសង់លើផ្ទៃដី ទំហំ ៨.១៣ ហិកតា។ ក្នុងនោះ ទីលានទុកដាក់សំរាមទំហំ ១.៣ ហិកតា ,អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ចំនួន ៤អាង, សាងសង់ផ្លូវចូលទីលានចាក់សំរាមមួយខ្សែប្រវែង ជាងពីរគីឡូម៉ែត្រ ,សាងសង់ផ្លូវបេតុងនៅក្នុងទីលាន ជាងមួយគីឡូម៉ែត្រ ,សាងសង់ច្រកចូល និងរបងមានអគារការិយាល័យ ,សង់អគារស្នាក់នៅកម្ពស់ ២ជាន់ ,កន្លែងថ្លឹងរថយន្ត ,អគារសម្រាប់ញែកសំរាម ,អគាររោងជាង, អគារស្តុកទុកកាកសំណល់ដែលគ្រោះថ្នាក់បណ្ដោះអាសន្ន, អគារផ្គត់ផ្គង់ថាមពលអគ្គិសនី និងទឹកកន្លែងលាងសម្អាតរថយន្ត ,អគារសម្រាប់ធ្វើជាកំប៉ុស ,រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ និងដាក់ប្រព័ន្ធសូឡាថាមពលអគ្គិសនីព្រះអាទិត្យ។
គម្រោងនេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេឡិចទ្រិច ខូអិលធីឌី គម្រោងនេះត្រូវប្រើរយៈពេលសាងសង់ ១៧ខែ ដោយចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ៕