កំពង់ធំ៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការសង្ក្រាន្តដើម្បីពិភាក្សាការងារត្រៀមរៀបចំកម្មវីធីព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំ ឆ្នាំ២០២៥ ដោយគ្រោងនឹងប្រារព្ធធ្វើឡើងនៅសួនស្ទឹងសែន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចការទាំងនេះយើងធ្លាប់ធ្វើ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយ ក្រោមបរិយាកាសសប្បាយរីករាយ និងមានដំណើរការប្រព្រឹត្តទៅដោយភាពរលូន និងទទួលបានជោគជ័យទៀតផង។ ការរៀបចំសង្ក្រានកំពង់ធំនេះមានគោលបំណងជួបជុំគ្នានាឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ព្រមទាំងបង្ហាញពីកត្តាសុខសន្តិភាពប្រទេសជាតិ ក៏ដូចជាបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តនៅខេត្តកំពង់ធំ និងធ្វើការស្វែងយល់អំពីភាពសក្តានុពលនៅខេត្តកំពង់ធំផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការរៀបចំសង្ក្រានកំពង់ធំឆ្នាំនេះមានរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មាន១៣ទីតាំង ដោយពិធីបើកព្រឹត្តិការណ៍សង្រ្កាន្តកំពង់ធំឆ្នាំ២០២៥នេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ៕