លោក ស៊ី ជួបពិភាក្សាជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន

0

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀ ចាប៉ារ៉ូវ (Sadyr Japarov) បានជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានសន្យាថានឹងផ្តល់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់។

លោក ស៊ី បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួនជាមួយប្រទេសកៀហ្ស៊ីស៊ីស្ថាន និងនាំចូលទំនិញដែលមានគុណភាពកាន់តែច្រើនពីប្រទេសនេះ។

លោក ស៊ី បាននិយាយថា ប្រទេសចិនគាំទ្រសហគ្រាសចិនកាន់តែច្រើនក្នុងការវិនិយោគ និងចាប់ផ្តើមអាជីវកម្មនៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ហើយសង្ឃឹមថា ប្រទេសកៀហ្ស៊ីស៊ីស្ថាន នឹងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគចិន។

លោកបានបន្ដថា ប្រទេសទាំងពីរគួរតែចូលរួមចំណែកក្នុងការសាងសង់ផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន ជាមួយនឹងស្តង់ដារ និងគុណភាពខ្ពស់ ដោយជួសជុល និងធ្វើទំនើបកម្មកំពង់ផែដែលមានស្រាប់ក្នុងពេលដំណាលគ្នា និងបើកជើងហោះហើរដឹកអ្នកដំណើរ និងដឹកទំនិញបន្ថែមទៀត ដើម្បីសម្រួលដល់លំហូរនៃមនុស្ស និងទំនិញ។

លោក ចាប៉ារ៉ូវ បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការជាមួយប្រទេសចិន ដើម្បីកសាងខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ ធានានូវភាពជោគជ័យនៃផ្លូវដែកចិន-កៀហ្ស៊ីស៊ីស្ថាន-អ៊ូសបេគីស្ថាន និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម ការវិនិយោគ ពាណិជ្ជកម្ម ការដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក និងការអប់រំ៕