ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បង្ក្រាបបទល្មើសនេសាទ នៅតំបន់បឹងទន្លេសាប ឃុំពាមបាង ស្រុកស្ទោង

0

កំពង់ធំ៖ ប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្ត អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅត្រួតពិនិត្យភូមិសាស្ត្រស្រាវជ្រាវ  និងបង្ក្រាបបទល្មើសនេសាទ នៅតំបន់បាក់ដាវ​ ក្នុងបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិ ភាគទី៤  និងការឯកភាពពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ។  ថ្ងៃនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ សហការ​ជាមួយ​មន្ត្រី​រដ្ឋបាល​ជល​ផលសង្កាត់ពាមបាង​  នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់​ធំ​ ដំណើរ ការបង្ក្រាបបទល្មើសនេសាទដែលកំពុងមានការកើតឡើងនៅក្នុងតំបន់បាក់ដាវ​  ក្នុង​ភូមិ​សាស្ត្រ​បឹង​ទន្លេសាប​ ជាប់​ព្រំ​ប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប​ ស្ថិតនៅក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ហើយ​នៅ​ក្នុងឱកាសនេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានកំទេចរបាំងស្បៃអួនខុសច្បាប់ចំនួន​ ៣​ ខ្សែ​ ដែលមានប្រវែងសរុបប្រមាណជិត ១៥០០ម៉ែត្រ កំទេចឡុកចំនួន ៣​ឡុក និង​ប្រលែង​ត្រីមួយចំនួន​ ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រកបរបរនេសាទ ត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដើម្បីថែរក្សាពូជត្រីឱ្យបានសម្បូរឡើងវិញសម្រាប់នៅពេលខាងមុខ ។ ជាមួយនោះដែរកងកម្លាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានស្នើសុំសហការនិងអំពាវនាវដល់អាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរកមេខ្លោង ដែលប្រើប្រាស់មធ្យោបាយនិងឧបករណ៍ខុសច្បាប់ ដែលមានលក្ខណៈជាទ្រង់ ទ្រាយធំ និង​អ្នក​ពាក់​ព័ន្ធ​ដែលបានឃុបឃិតបំផ្លាញធនធានធម្មជាតិនាពេលកន្លងទៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ។ អត្ថបទ៖ តំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប៕