បរទេស៖ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងនឹងចំណាយប្រាក់ចំនួន ២០៨,៨ប៊ីលានវ៉ុន (១៤៣,៧លានដុល្លារអាម៉េរិក) នៅឆ្នាំនេះលើគម្រោងសហប្រតិបត្តិការបច្ចេកវិទ្យាសកល ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារបស់ប្រទេស។
យោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល បានឱ្យដឹងថា ចំនួននេះកើនឡើង ២៥,៩% ពីចំនួនដែលត្រូវគ្នាសម្រាប់ឆ្នាំមុន។
ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងដាក់បញ្ចូលទឹកប្រាក់ចំនួន ៩៤,២ប៊ីលានវ៉ុនទៅក្នុងគម្រោងអន្តរជាតិដែលមានគោលបំណងជំរុញការអភិវឌ្ឍបច្ចេកវិទ្យាតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី ឬការចូលរួមក្នុងកម្មវិធីផ្តល់ដោយមូលនិធិពហុភាគី ដូចជាមូលនិធិ Eureka និង មូលនិធិ Eurostars ដែលដឹកនាំដោយសហភាពអឺរ៉ុប។
ប្រទេសនេះនឹងបញ្ចូលទឹកប្រាក់បន្ថែមចំនួន ១០៥,២ប៊ីលានវ៉ុននៅក្នុងការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការបច្ចេកវិទ្យាឧស្សាហកម្មនៃស្ថាប័នស្រាវជ្រាវលំដាប់កំពូលនៅទូទាំងពិភពលោក និងចាប់ផ្តើមគម្រោងស្រាវជ្រាវរួមគ្នារយៈពេលមធ្យមដល់រយៈពេលវែង ដើម្បីបង្កើតបច្ចេកវិទ្យាស្នូលសម្រាប់កំណើននាពេលអនាគត។ នេះបើយោងតាមក្រសួង។
ទឹកប្រាក់ចំនួន ៣,៥ប៊ីលានវ៉ុនផ្សេងទៀតនឹងត្រូវចំណាយលើការលើកកម្ពស់ការវិនិយោគរបស់អង្គភាពសកលនៅក្នុងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងស្រុក (R&D) និងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនក្នុងស្រុក និងបរទេស៕