ការប្រើប្រាស់អង្ករនៅកូរ៉េខាងត្បូងនឹងធ្លាក់ចុះ ១៥% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ

0

បរទេស៖ យោងតាមវិទ្យាស្ថានសេដ្ឋកិច្ចជនបទកូរ៉េខាងត្បូង (KREI) ដែលគ្រប់គ្រងដោយរដ្ឋបានឱ្យដឹងថា ការប្រើប្រាស់អង្ករដែលជាផ្នែកមួយនៃអាហារនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ១៥% ក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដោយសារតែការផ្លាស់ប្តូរនិន្នាការម្ហូបអាហារ និងការថយចុះនៃផលិតកម្មអង្កររបស់ប្រទេសនេះ។

បរិមាណនៃការប្រើប្រាស់សម្រាប់ឆ្នាំនេះត្រូវបានគេព្យាករថានឹងមានចំនួន ២,៧៣លានតោន ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះនៅប៉ុន្មានឆ្នាំខាងមុខ មកនៅត្រឹម ២,៦៩លានតោននៅឆ្នាំក្រោយ ២,៥៣លានតោននៅត្រឹមឆ្នាំ២០៣០ និងចុងក្រោយ ២,៣៣លានតោននៅត្រឹមឆ្នាំ២០៣៥។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់វិទ្យាស្ថាន KREI ។

ការថយចុះនៃការប្រើប្រាស់អង្ករត្រូវបានសន្មតដោយសារតែការកើនឡើងនៃឥទ្ធិពលនៃនិន្នាការរបបអាហាររបស់លោកខាងលិច និងប្រភពកាបូអ៊ីដ្រាតមានច្រើនប្រភេទក្នុងការជំនួសអង្ករ។ លើសពីនេះទៀត ការកើនឡើងនៃអ្នកមិនហូបអាហារពេលព្រឹកបានរួមចំណែកដល់ការផ្លាស់ប្តូរនេះ។

យោងតាមការស្ទង់មតិនិន្នាការនៃការប្រើប្រាស់អាហាររបស់វិទ្យាស្ថាន KREI បានឱ្យដឹងថា ចំនួនដងជាមធ្យមដែលមនុស្សខកខានអាហារពេលព្រឹកក្នុងមួយសប្តាហ៍បានកើនឡើងពី ១,៤៤ដងក្នុងឆ្នាំ២០២១ ដល់ ១,៧៩ដងក្នុងឆ្នាំ២០២៤។ កត្តាទាំងនេះបានចាប់ផ្តើមប៉ះពាល់ដល់ការប្រើប្រាស់អង្កររបស់ប្រទេសនេះកាលពីដើមឆ្នាំ២០១៤។

ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣ ការប្រើប្រាស់អង្ករបានបង្ហាញពីការថយចុះជាមធ្យម ១,៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូង។

ជាមធ្យមមនុស្សម្នាក់ៗបានប្រើប្រាស់អង្ករ ៦៥,១គីឡូក្រាមក្នុងឆ្នាំ២០១៤ និងបានថយចុះមកនៅត្រឹម ៥៦,៤គីឡូក្រាមក្នុងឆ្នាំ២០២៣៕