បរទេស៖ រាជទាយាទអារ៉ាប៊ីសាអូឌីត និងនាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់ ម៉ូហាមមេដ ប៊ីន សាលម៉ាន់ អាល់សូដ (Mohammed bin Salman Al Saud) និងប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី លោក អាហ៍មេដ អាល់ សារ៉ាអា (Ahmed al-Sharaa) បានជួបគ្នានៅទីក្រុងរីយ៉ាដ ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងការវិវឌ្ឍចុងក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី។
ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាអំពីវិធីដើម្បីបង្កើនសន្តិសុខ និងស្ថិរភាពរបស់ប្រទេសស៊ីរី ក៏ដូចជាឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីដោះស្រាយបញ្ហា។
រាជទាយាទអារ៉ាប៊ីសាអូឌីតបានអបអរសាទរលោក អាល់ សារ៉ាអា ក្នុងការចូលកាន់តំណែងជាប្រធានាធិបតីនៃប្រទេសស៊ីរី ហើយលោកបានជូនពរឱ្យទទួលបានជោគជ័យក្នុងការបំពេញសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី។
ចំណែកឯលោក អាល់ សារ៉ាអា បានសម្តែងការដឹងគុណចំពោះព្រះអង្គម្ចាស់សម្រាប់បំណងប្រាថ្នាដ៏ល្អ និងជំហរគាំទ្ររបស់រាជាណាចក្រចំពោះប្រទេសស៊ីរី និងប្រជាជនរបស់ខ្លួន។ លោក អាល់ សារ៉ាអា បានដឹកនាំក្រុម Hayat Tahrir al-Sham តាំងពីឆ្នាំ២០១៧ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការវាយប្រហារដែលនាំទៅដល់ការផ្តួលរំលំអតីតប្រធានាធិបតីស៊ីរី លោក បាសារ អាល់ អាសសាដ (Bashar al-Assad) ក្នុងខែធ្នូ ឆ្នាំ២០២៤ និងការបង្កើតរដ្ឋាភិបាលអន្តរកាលស៊ីរី។ លោកបានក្លាយជាមេដឹកនាំដោយពិតប្រាកដរបស់ប្រទេសចាប់តាំងពីការទម្លាក់លោក អាសសាដ។
រដ្ឋបាលប្រតិបត្តិការយោធារបស់ប្រទេសស៊ីរីបានប្រកាសកាលពីថ្ងៃទី២៩ ខែមករា អំពីការតែងតាំងលោក អាល់ សារ៉ាអា ជាប្រធានាធិបតីក្នុងអំឡុងពេលអន្តរកាល ដោយផ្តល់សិទ្ធិអំណាចដល់លោកក្នុងការបង្កើតក្រុមប្រឹក្សានីតិបញ្ញត្តិបណ្តោះអាសន្នរហូតដល់រដ្ឋធម្មនុញ្ញអចិន្ត្រៃយ៍ត្រូវបានផ្តល់សច្ចាប័ន៕