បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចរចៀ មេឡូនី (Giorgia Meloni) បាននិយាយថា លោកស្រី និងសមាជិកគណៈរដ្ឋមន្ត្រី ៣រូបទៀតត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតរបស់តុលាការជុំវិញការដោះលែង និងការធ្វើមាតុភូមិនិវត្តន៍នាពេលថ្មីៗនេះរបស់ប្រធាននគរបាលយុត្តិធម៌លីប៊ី ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ។
លោកស្រី មេឡូនី បានបញ្ជាក់ពីការស៊ើបអង្កេតនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាលោកស្រីត្រូវបានសង្ស័យដោយព្រះរាជអាជ្ញាពីបទកេងបន្លំ ជួយ និងលុបបំបាត់ឧក្រិដ្ឋកម្ម។ លោកស្រីបានបន្ដថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ម៉ាតេអូ ពេនតេដូស៊ី (Matteo Piantedosi) រដ្ឋមន្ត្រីយុត្តិធម៌ លោក កាឡូ ន័រឌីអូ (Carlo Nordio) និងអនុរដ្ឋលេខាធិការ លោក អាល់ហ្វ្រេដូ ម៉ាន់តូវ៉ាណូ (Alfredo Mantovano) ក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការស៊ើបអង្កេតផងដែរ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសវនាការសភាថ្មីៗនេះថា ករណីនេះទាក់ទងនឹង លោក អូសាម៉ា អេលម៉ាទ្រី ជេម (Osama Elmasry Njeem) ប្រធាននគរបាលយុត្តិធម៌លីប៊ី និងជាប្រធានមជ្ឈមណ្ឌលឃុំឃាំងក្នុងប្រទេសលីប៊ី។
លោកត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលីកាលពីថ្ងៃទី១៩ ខែមករា ហើយត្រូវបានដោះលែងដោយមិននឹកស្មានដល់រយៈពេល ២ថ្ងៃក្រោយមក ដោយត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសលីប៊ីវិញដោយសារ «ហេតុផលសុវត្ថិភាពជាបន្ទាន់ ពីព្រោះលោកត្រូវបានចាត់ទុកថាជាមនុស្សដ៏គ្រោះថ្នាក់»។
លោក ជេម ត្រូវបានចាប់ខ្លួនតាមដីកាចាប់ខ្លួនដែលចេញដោយតុលាការ ICC កាលពីថ្ងៃទី១៨ ខែមករា ក្រោមការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕