បរទេស៖ ជំនួយការគោលនយោបាយការបរទេសរបស់មេដឹកនាំរុស្ស៊ី លោក យូរី យូសាកូវ (Yury Ushakov) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានពិភាក្សាអំពីប្រទេសអ៊ុយក្រែន និងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ឡើងកាន់អំណាច។
លោក យូសាកូវ បាននិយាយថា «ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពដែលពាក់ព័ន្ធនឹងអ៊ុយក្រែន និងទំនាក់ទំនងនៃប្រទេសទាំងពីរជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឡើងកាន់អំណាចនៅក្នុងទីក្រុងវ៉ាស៊ីនតោន»។
ពិធីចូលកាន់អំណាចរបស់ លោក ត្រាំ បានធ្វើឡើងនៅថ្ងៃទី២០ ខែមករា ជាលើកដំបូងក្នុងរយៈពេល ៤០ឆ្នាំនៅក្នុងសាល Rotunda ដែលជាសាលចំកណ្តាលនៃសភាមានសមត្ថភាពទទួលភ្ញៀវប្រហែល ១.០០០នាក់។ លោក ត្រាំ បានធ្វើសច្ចាប្រណិធានចំពោះរដ្ឋធម្មនុញ្ញ និងប្រទេស។ លោកគឺជាប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក ហើយបានក្លាយជាប្រធានាធិបតីទី៤៧។
លោកមិនបាននិយាយអំពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន នៅក្នុងសុន្ទរកថាក្នុងការបើកពិធីនេះទេ ប៉ុន្តែបានសន្យាថាអំណាចរបស់សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យបញ្ចប់សង្រ្គាមទាំងអស់ និងធានាឱ្យមានឯកភាពសកល៕