បរទេស៖ លោក យូរី យូសាកូវ (Yury Ushakov) ជំនួយការរបស់ប្រធានាធិបតីរុស្ស៊ី បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ីរី គឺស្ថិតក្នុងរបៀបវារៈនៃកិច្ចពិភាក្សាថ្ងៃនេះរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ។ លោកបានមានប្រសាសន៍ថា «មេដឹកនាំក៏បានពិភាក្សាអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសស៊ីរី និងប្រធានបទមួយចំនួនទៀត»។
អង្គភាពប្រឆាំងប្រដាប់អាវុធក្នុងប្រទេសស៊ីរី បានបើកការវាយប្រហារទ្រង់ទ្រាយធំលើកងទ័ពរដ្ឋាភិបាលនៅក្នុងទីក្រុងអាឡិបប៉ូ និងខេត្តអ៊ីដលីប នៅចុងខែវិច្ឆិកា ឆ្នាំ២០២៤។ នៅថ្ងៃទី ៨ ខែធ្នូ ពួកគេបានចូលក្នុងក្រុងដាម៉ាស់ ខណៈដែលប្រធានាធិបតីស៊ីរី លោក បាសារ អាសសាដ (Bashar Assad) បានចុះចេញពីតំណែង ហើយបានភៀសខ្លួនចេញពីប្រទេស។
នៅថ្ងៃទី១០ ខែធ្នូ លោក ម៉ូហាមមេដ អាល់ បាសៀ (Mohammed al-Bashir) បានដឹកនាំរដ្ឋាភិបាលដែលហៅថា រដ្ឋាភិបាលសង្គ្រោះស៊ីរី នៅក្នុងខេត្តខេត្តអ៊ីដលីប បានប្រកាសតែងតាំងជាប្រមុខរដ្ឋាភិបាល បណ្តោះអាសន្នរបស់ប្រទេសស៊ីរី ដោយលោកបាននិយាយថា រយៈពេលអន្តរកាលនឹងមានរយៈពេលរហូតដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥៕