តាកែវ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះជួបប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាខ្វះខាតទឹកបង្កបង្កើនផលស្រូវប្រាំង នៅស្រុកបាទី ខេត្តតាកែវ។
តាមរយៈការចុះពិនិត្យទីតាំងផ្ទាល់ ឯកឧត្តមទេសរដ្ឋមន្ត្រី វាយតម្លៃថា ករណីខ្វះខាតទឹកនេះបណ្តាលមកពីការធ្វើស្រែប្រាំងលើសពីសមត្ថភាពផ្គត់ផ្គង់ទឹករហូតដល់ទៅ២ដង ដែលមានចំនួន ៤ ០០០ ហិកតាខណៈដែលសមត្ថភាពទឹកអាចផ្គត់ផ្គង់ត្រឹម ២ ០០០ ហិកតាប៉ុណ្ណោះ។
ទោះបីជាយ៉ាងនេះក្តី ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្របសម្រួលជាមួយក្រសួងធនធានទឹក និងឧតុនិយម ដើម្បីបូមយកទឹកពីទន្លេបាទីដាក់ចូលទៅក្នុងប្រលាយ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹក និងការព្រួយបារម្មណ៍របស់បងប្អូនប្រជាកសិករចំនួន ៣៥០០ គ្រួសារ។
ជាលទ្ធផល ក្រសួងធនធានទឹក និងឧតុនិយម បានចាត់វិធានការតាមសំណូមពររបស់ប្រជាពលរដ្ឋ បូមទឹកស្តុកបំពេញប្រឡាយចំនួន ១៨ គីឡូម៉ែតនេះដែលមានការរីងស្ងួត ចំនួន ០៧ថ្ងៃក្នុងវគ្គទី ០១ និងបន្តបូមបន្ថែមទៀតនៅវគ្គទី ០២។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរដល់ប្រជាពលរដ្ឋទាំង ៣ ៥០០ គ្រួសារចូលរួមសហការគ្នាជាមួយអាជ្ញាធរ និងកងកម្លាំងទាំង ៣ប្រភេទ ក្នុងការកំណត់ពេលបូមទឹករួមគ្នា នៅពេលមានទឹកពេញប្រឡាយគ្រប់គ្រាន់ ដើម្បីទទួលបានទឹកប្រើប្រាស់ទាំងអស់គ្នា និងមានតម្លាភាព។
តាមរយៈលទ្ធផលវិជ្ជមាននេះ ប្រជាពលរដ្ឋបានសម្តែងការជឿទុកចិត្ត និងបង្ហាញក្តីសង្ឃឹមគាំទ្រ លើរាជរដ្ឋាភិបាល ជាពិសេសក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ដំណោះស្រាយក្នុងបញ្ហានេះ។ លើសពីនេះ ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណដល់សម្តេចតេជោ និងសម្តេចធិបតី ដែលជានិច្ចជាកាលតែងតែគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋ និងអន្តរាគមន៍ទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះទេ៕