បរទេស៖ រដ្ឋមន្ត្រីការបរទេសទុយនីស៊ី លោក ម៉ូហាមេដ អាលី ណាហ្វទី (Mohamed Ali Nafti) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូពហុភាគីរវាងប្រទេសទុយនីស៊ី និងសហភាពអឺរ៉ុប (EU)។ សេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសទុយនីស៊ី បាននិយាយថា រដ្ឋមន្ត្រីការបរទេសបានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំមួយជាមួយឯកអគ្គរដ្ឋទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបនៅក្នុងរដ្ឋធានីទូនីស។
យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋមន្ត្រីទុយនីស៊ី និងឯកអគ្គរដ្ឋទូតបានសម្លឹងឆ្ពោះទៅមុខក្នុងការប្រារព្ធពិធីនៅឆ្នាំ២០២៥ សម្រាប់ខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសមាគមរវាងប្រទេសទុយនីស៊ី និងសហភាពអឺរ៉ុប ហើយបានពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរ។
ក្នុងកិច្ចប្រជុំនោះ លោក ណាហ្វទី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយបញ្ហា ចំណាកស្រុកតាមរយៈវិធីសាស្រ្តដោយផ្តោតលើមនុស្ស ដែលនឹងរួមបញ្ចូលកម្មវិធីពង្រឹងសម្រាប់ការវិលត្រឡប់ដោយស្ម័គ្រចិត្តនៃជនចំណាកស្រុកនៅក្នុងប្រទេសទុយនេស៊ីទៅកាន់ប្រទេសដើមរបស់ពួកគេ។
រដ្ឋមន្ត្រីទុយនីស៊ីបានអះអាងជាថ្មីនូវការគាំទ្ររបស់ប្រទេសទុយនីស៊ីចំពោះបុព្វហេតុ ប៉ាឡេស្ទីន និងបានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិប្រកបដោយប្រសិទ្ធភាពដើម្បីអនុវត្តបទឈប់បាញ់ជាបន្ទាន់ ចំពេលមានការវាយប្រហារដែលកំពុងបន្តលើប្រជាជនប៉ាឡេស្ទីន និងប្រជាជនលីបង់៕