បរទេស៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ប្រាបូវូ ស៊ូបៀនតូ (Prabowo Subianto) បានស្វែងរកការគាំទ្រពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌូនេស៊ី ដោយការបណ្តុះ បណ្តាលវេជ្ជបណ្ឌិតបន្ថែមទៀត។ ក្នុងអំឡុងពេលកិច្ចប្រជុំនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីល លោកប្រធានាធិបតី ប្រាបូវូ បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសលោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្តជាមួយទីក្រុងញូវ ដេលី។
ទាំងនេះបានរួមបញ្ចូលទាំងការអញ្ជើញវេជ្ជបណ្ឌិតឥណ្ឌាមកបង្រៀននៅសាលាពេទ្យឥណ្ឌូនេស៊ី។ លោកប្រធានាធិបតី ប្រាបូវូ បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីសង្ឃឹមថានឹងបង្កើនចំនួននិស្សិតឥណ្ឌូនេស៊ីដែលកំពុងសិក្សានៅសាកលវិទ្យាល័យឥណ្ឌា។ លើសពីនេះ ប្រទេសនេះមានគោលបំណងអញ្ជើញសាស្រ្តាចារ្យឥណ្ឌាមកបង្រៀននៅសកលវិទ្យាល័យឥណ្ឌូណេស៊ី ខណៈដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតវេជ្ជបណ្ឌិតចំនួន ១៦០.០០០នាក់។ បច្ចុប្បន្នប្រទេសឥណ្ឌូណេស៊ីមាននិស្សិតបញ្ចប់ការសិក្សាផ្នែកវេជ្ជសាស្រ្ដត្រឹមតែ ៨.០០០ នាក់ប៉ុណ្ណោះក្នុងមួយឆ្នាំ។
ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលគ្រោងនឹងបើកមហាវិទ្យាល័យវេជ្ជសាស្ត្របន្ថែមទៀត ដើម្បីបណ្តុះបណ្តាលគិលានុបដ្ឋាយិកា និងបុគ្គលិកថែទាំសុខភាព។ លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីមានបំណងទាក់ទាញការវិនិយោគបរទេសក្នុងវិស័យថែទាំសុខភាពដោយអនុញ្ញាតឱ្យមន្ទីរពេទ្យអន្តរជាតិធ្វើប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZs) ជាមួយនឹងការលើកទឹកចិត្តផ្នែកពន្ធ។ មុននេះ ក្នុងដំណើរបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី លោកប្រធានាធិបតី ប្រាបូវូ បានពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូននិស្សិតពេទ្យឥណ្ឌូណេស៊ីទៅសិក្សានៅប្រទេសរុស្ស៊ី ជាមួយប្រធានាធិបតី លោក វ្លាឌីមៀ ពូទីន (Vladimir Putin)៕