ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេសសល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា

0

ក្រពើភ្នំ ត្រូវបានគេស្គាល់ថាមាននៅសេសសល់ក្នុងព្រៃ ដែលកំពុងរស់នៅក្នុងអាងទន្លេមេគង្គ និងតំបន់ដីសើមរបស់កម្ពុជា។ សត្វប្រភេទនេះ ត្រូវបានចាត់ទុកជិតផុតពូជ ហើយទម្ងន់របស់ពួកវាអាចឡើងដល់ទម្ងន់រាប់រយគីឡូក្រាម ហើយតាមរយៈការសិក្សាស្រាវជ្រាវដោយអង្គការ WWF-កម្ពុជា បានប៉ាន់ប្រមាណថា ពួកវាមានចំនួនប្រមាណតែ ១០ ក្បាលប៉ុណ្ណោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពក។

តាមប្រភពព័ត៌មានពី WWF-Cambodia បានឱ្យដឹងនាពេលថ្មីៗនេះថា សត្វល្មូនប្រភេទនេះ បន្តរងការគំរាមកំហែងដោយការបរបាញ់ ការរំខានរបស់មនុស្ស និងការផ្លាស់ប្តូរទីជម្រក។ ជាមួយគ្នានោះ អង្គការ WWFនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមការពារប្រភេទសត្វក្រពើភ្នំនេះផងដែរ។

សូមបញ្ជាក់ជូនថា តាមប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេស ដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោក ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ក្បាលប៉ុណ្ណោះ។

អស់រយៈពេលជាង ២០ឆ្នាំមកនេះ គម្រោងអភិរក្សក្រពើកម្ពុជាបាននឹងកំពុងអនុវត្តយ៉ាងសកម្មភាពនៅដែនជម្រកក្រពើសំខាន់ៗ នៅកម្ពុជា។ ដោយមានការសហការបច្ចេកទេសរវាងក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងអង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុត និងជាសត្វព្រៃនិមិត្តរូបដ៏សំខាន់បំផុតមួយរបស់កម្ពុជា ត្រូវបាន ការពារនិងអភិរក្សបានយ៉ាងល្អ និងមានការបង្កាត់ពូជក្រពើភ្នំដើម្បីលែងទៅក្នុងធម្មជាតិ។

ទីតាំង៥ ដែលកំពុងអនុវត្តការអភិរក្សយ៉ាងសកម្មរួមមាន៖ អូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងអារ៉ែង ឆាយរាប ស្ទឹងខៀវ និងតំបន់ស្តារក្រពើឡើងវិញនៅឃុំតាទៃលើ ស្ថិតក្នុងខេត្តកោះកុង និងកម្មវិធីបង្កាត់ក្រពើភ្នំពូជសុទ្ធដើម្បីលែងទៅក្នុងធម្មជាតិ (Re-introduction program) ស្ថិតនៅឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ។

គួរបញ្ជាក់ថាក្នុងរយៈពេលកន្លងមកនេះ គម្រោងអភិរក្សក្រពើកម្ពុជា បានលែងក្រពើភ្នំពូជសុទ្ធនៅលើតំបន់មួយចំនួនមានដូចជាទី១៖ ស្ទឹងខៀវ ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង (លែងក្រពើពីភ្នំតាម៉ៅ), ២៖ ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រែអំបិល ខេត្តកោះកុង, ៣៖ ស្ទឹងដាច់ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង , ៤៖ អារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង, ៥៖ អូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់, ៦៖ ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង និង៧៖ ឆាយរាប ស្ទឹងកំពង់តាជៃ ស្រុកស្រៃអំបិល ខេត្តកោះកុង ៕