បរទេស៖ សារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលពីរនាក់ និងមន្រ្តីអាម៉េរិកពីរនាក់ដែលបាននិយាយថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានជួបជាមួយលោក រ៉ុន ដឺរម័រ (Ron Dermer) ទីប្រឹក្សារបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដើម្បីពិភាក្សាអំពីវិបត្តិនៅមជ្ឈិមបូព៌ា និងសកម្មភាពនាពេលអនាគតរបស់សហរដ្ឋអាមេរិកចំពោះបញ្ហានេះ។ លោក ដឺរម័រ បានជួបជាមួយលោក ត្រាំ នៅក្នុងគេហដ្ឋានរបស់លោកក្នុងរដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ ដើម្បីបញ្ជូនសារពីលោក ណេតាន់យ៉ាហ៊ូ និងសង្ខេបអំពីផែនការរបស់ប្រធានាធិបតីអ៊ីស្រាអែលទាក់ទងនឹងបញ្ហានៅតំបន់ហ្គាហ្សា លីបង់ និងអ៊ីរ៉ង់។
មន្ត្រីអាម៉េរិកម្នាក់បាននិយាយថា «រឿងមួយដែលអ៊ីស្រាអែលចង់ដោះស្រាយជាមួយលោក ត្រាំ គឺជាបញ្ហាដែលគាត់ចង់ឃើញដំណោះស្រាយនៅមុនថ្ងៃទី២០ ខែមករា ហើយនិងបញ្ហាដែលគាត់ចង់ឱ្យអ៊ីស្រាអែលរង់ចាំគាត់សិន»។ តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ភាគីអ៊ីស្រាអែលចង់បានមតិរបស់លោក ត្រាំ ចំពោះបញ្ហាជាច្រើន រួមទាំងផែនការក្រោយសង្គ្រាមសម្រាប់តំបន់ហ្គាហ្សា បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ និងការធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីតមានលក្ខណៈប្រក្រតីវិញ។ លោក ត្រាំ ដែលធ្លាប់បានបម្រើការជាប្រធានាធិបតីសហរដ្ឋអាមេរិករួចហើយបន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១៦ បានឈ្នះការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីថ្ងៃទី០៥ ខែវិច្ឆិកា។ លោកបានក្លាយជាអ្នកនយោបាយដំបូងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីសតវត្សទី១៩ មក ដែលបានវិលត្រឡប់ទៅកាន់សេតវិមានវិញបន្ទាប់ពីបានផ្អាកអស់រយៈពេល ០៤ឆ្នាំ៕