កូរ៉េខាងជើងផ្តល់សច្ចាប័នលើសន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៊ី

0

បរទេស៖ សារព័ត៌មានសំឡេងកូរ៉េ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីផ្តល់សច្ចាប័នទៅលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ។ ទីភ្នាក់ងារសារព័ត៌មាននោះបាននិយាយថា ក្រឹត្យនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃចន្ទក្នុងទីក្រុងព្យុងយ៉ាង ហើយសន្ធិសញ្ញានេះនឹងចូលជាធរមានចាប់ពីថ្ងៃដែលប្រទេសទាំងពីរផ្លាស់ប្តូរឯកសារផ្តល់សច្ចាប័ន ហើយមិនមានកាលបរិច្ឆេទផុតកំណត់នោះទេ។ កាលពីខែមិថុនា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ យោងតាមមាត្រា៤ នៃកិច្ចព្រមព្រៀងនេះ ប្រសិនបើភាគីណាមួយត្រូវបានទទួលរងនូវការឈ្លានពានដោយប្រដាប់អាវុធពីរដ្ឋណាមួយ ឬក្រុមរដ្ឋណាមួយ ហើយរកឃើញថាខ្លួនស្ថិតនៅក្នុងស្ថានភាពជម្លោះ ភាគីម្ខាងទៀតត្រូវផ្តល់ជំនួយជាយោធា និងទម្រង់ផ្សេងទៀតជាបន្ទាន់ដែលអាចប្រើបាន ស្របតាមមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងស្របតាមច្បាប់របស់ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង៕