ក្រុងព្រះសីហនុ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍

0

ព្រះសីហនុ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកានេះថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍ នៃក្រុងព្រះសីហនុ។

សមិទ្ធផលនេះ បាននិងកំពុងប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើប និងមានភាពរីកចម្រើន សម្រួលលំហូរចរាចរណ៍ ទាក់ទាញទេសចរជាតិ និងអន្តរជាតិ បង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលដល់ពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក ធ្វើឱ្យប្រជាជនមានជីវភាពល្អប្រសើរមានភាពសុខដុមក្នុងសង្គម។

សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានប្រវែងសរុប៨៤គីឡូម៉ែត្រ ហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។

គួរជម្រាបជូនថា ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Flerida Ann Camille P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃស្ថានទូតសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលាខេត្តព្រះសីហនុ នាពេលថ្មីៗនេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ខេត្តព្រះសីហនុ មានក្រុង-ស្រុកចំនួន៥ ២៩ឃុំ-សង្កាត់ ស្មើនឹង១១១ភូមិ នៅឆ្នាំ២០២៣ ខេត្តព្រះសីហនុមានកំណើនសេដ្ឋកិច្ច ៤ភាគរយ និង GDP សម្រាប់មនុស្សម្នាក់ ៦ ៨៨៣ដុល្លាអាមេរិក ជួយកាត់បន្ថយភាពក្រីក្រ។

ខេត្តព្រះសីហនុមានធនធានធម្មជាតិដ៏សម្បុរបែប មានកោះតូច ធំចំនួន៣២ ថ្មប៉ប្រេះទឹក១ និងថ្មដុស៥ មានឆ្នេរសុមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ មានធនធានធម្មជាតិលើគោក និងជីវចម្រុះបាតសមុទ្រ ដែលជាមូលដ្ឋានគ្រិះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ខេត្តព្រះសីហនុជាខេត្តស្នូលនៃតំបន់ឆ្នេរសមុទ្រនៃខេត្តទាំង៤ មានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប ដែលហៅឈ្មោះតែមួយថា ឆ្នេរសមុទ្រកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ រាជរដ្ឋាភិបាលកម្ពុជា បានកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងព្រះសីហនុ រង្វង់មូល និងរួបសំណាកចំនួន៤ ដោយមានការសាទរពីប្រជាពលរដ្ឋខេត្តព្រះសីហនុ ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

ខេត្តព្រះសីហនុ ជាច្រកចេញចូលអន្តរជាតិយ៉ាងសំខាន់សម្រាប់បង្កើនសេដ្ឋកិច្ចជាតិ មានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក។ ផ្លូវទឹក កំពង់ផែអន្តរជាតិទឹកជ្រៅបច្ចុប្បន្នមានជម្រៅទឹក ១៣,៥០ម៉ែត្រ រាជរដ្ឋាភិបាលបាន និងកំពុងធ្វើការអភិវឌ្ឍកំពង់ផែជា៣ដំណាក់កាល ដោយដំណាក់កាលទី១ ពីឆ្នាំ២០២៤-២០២៦ មានជម្រៅទឹក១៤,៥០ម៉ែត្រ ដំណាក់កាលទី២ ឆ្នាំ២០២៥-២០២៨ មានជម្រៅទឹក១៦,៥០ម៉ែត្រ និងដំណាក់កាលពី៣ ឆ្នាំ២០២៦-២០២៩ មានជម្រៅទឹក១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលមានចំណុះ១៦ម៉ឺនតោនចូលចតបាន។ ផ្លូវអាកាស ប្រភេទ 4E មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។

ផ្លូវគោក មានផ្លូវដែក ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥កំពុងដំណើការ និង ១០ផ្សេងទៀតកំពុងសិក្សា ទន្ទឹមនោះ ខេត្តព្រះសីហនុ មានទឹកស្អាត និងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់សម្រាប់អ្នកទេសចរ និងការវិនិយោគផងដែរ៕