គណបក្សកាន់អំណាច ថ្កោលទោសការសម្រេចចិត្តរបស់កូរ៉េខាងជើងក្នុងការបញ្ជូនទាហានទៅរុស្ស៊ី

0

បរទេស៖ គណបក្សអំណាចប្រជាជន (PPP) បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចចិត្តរបស់ប្រទេសកូរ៉េខាងជើងក្នុងការបញ្ជូនកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ដើម្បីគាំទ្រសង្គ្រាមរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន និងបានប្តេជ្ញាជំរុញឱ្យមានដំណោះស្រាយពីសភាប្រឆាំងនឹងការផ្លាស់ប្តូរនេះ។

មេដឹកនាំជាន់របស់គណបក្ស PPP លោក ជូ យ៉ុងហូ (Choo Kyung-ho) បានសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងមូស្គូ បន្ទាប់ពីសេវាស៊ើបការណ៍សម្ងាត់ជាតិបានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

លោក ជូ បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មាននៅរដ្ឋសភាថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសកូរ៉េខាងជើងជាមួយប្រទេសរុស្ស៊ី ដែលបង្កគ្រោះថ្នាក់ដល់សន្តិភាពពិភពលោក ហើយអំពាវនាវឱ្យប្រទេសកូរ៉េខាងជើងដកទ័ពចេញពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាបន្ទាន់»។

លោក ជូ បាននិយាយថា គណបក្សរបស់លោកនឹងស្វែងរកការអនុម័តសេចក្តីសម្រេចរបស់សភាដោយថ្កោលទោសការបង្កហេតុនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង រួមទាំងការដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសរុស្ស៊ី ការបំផ្ទុះផ្លូវអន្តរកូរ៉េ និងការបញ្ជូនបាឡុងដែលពោរពេញដោយសំរាមទៅកាន់ប្រទេសកូរ៉េខាងត្បូង៕