ស៊ូដង់ និងស៊ូដង់ខាងត្បូង ពិភាក្សាអំពីការចាប់ផ្តើមឡើងវិញនៃការដឹកជញ្ជូនប្រេងឥន្ធនៈ

0

បរទេស៖ ប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង បានសង្កត់ធ្ងន់លើតម្រូវការដើម្បីដោះស្រាយឧបសគ្គដែលប្រឈមមុខនឹងការបន្តការនាំចេញប្រេងឥន្ធនៈរបស់ប្រទេសស៊ូដង់ខាងត្បូង ដែលឆ្លងកាត់ទឹកដីស៊ូដង់។

ការពិភាក្សានេះបានកើតឡើងបន្ទាប់ពីប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក អាប់ដេល ហ្វាតតាហ៍ អាល់បួរហាន់ (Abdel Fattah Al-Burhan) បានជួបជាមួយទីប្រឹក្សាប្រធានាធិបតីស៊ូដង់ខាងត្បូងទទួលបន្ទុកសន្តិសុខជាតិ លោក ទូត ហ្គាតលូក (Tut Gatluak) នៅទីក្រុងផត ស៊ូដង់ រដ្ឋសមុទ្រក្រហម ភាគខាងកើតប្រទេសស៊ូដង់។

លោក ហ្គាតលូក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមបច្ចេកទេសទាំងអស់នៅក្នុងប្រទេសទាំងពីរបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនផលិតកម្ម និងធានាលំហូរប្រេងឥន្ធនៈតាមរយៈកំពង់ផែ Bashayer របស់ប្រទេសស៊ូដង់» ដោយលោកបានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសស៊ូដង់ខាងត្បូងក្នុងការអនុវត្តនូវអ្វីដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ូដង់។

លោក ហ្គាតលូក បាននិយាយថា កិច្ចប្រជុំរវាងក្រសួងថាមពល និងប្រេងរបស់ប្រទេសទាំងពីរត្រូវបានរំពឹងទុកក្នុងរឿងនេះ ដោយលោកបានកត់សម្គាល់ថា «ប្រេងគឺជាខ្សែជីវិតសម្រាប់ប្រជាជននៃប្រទេសទាំងពីរ»។ ការនាំចេញប្រេង គឺជាប្រភពសំខាន់នៃប្រាក់ចំណូលជាតិរបស់ប្រទេសស៊ូដង់ខាងត្បូង ហើយប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសស៊ូដង់ ដែលជាអ្នកជិតខាងភាគខាងជើងរបស់ខ្លួនក្នុងការដឹកជញ្ជូនប្រេងទៅកាន់ទីផ្សារអន្តរជាតិ។

ប្រទេសស៊ូដង់ត្រូវបានបំផ្លិចបំផ្លាញដោយសារជម្លោះដ៏សាហាវរវាងកងកម្លាំង SAF និង កងកម្លាំង RSF ចាប់តាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ស្ដីពីស្ថានភាពដែលចេញដោយគម្រោងទិន្នន័យលើទីតាំងជម្លោះប្រដាប់អាវុធបានឱ្យដឹងថា ជម្លោះដ៏សាហាវនេះបានបណ្តាលឱ្យមនុស្សស្លាប់ជាង ២៤.៨៥០នាក់៕