បរទេស៖ រដ្ឋមន្ត្រីក្រសួងប្រេង និងធនធានរ៉ែរបស់អេហ្ស៊ីប លោក ការីម បាដាវី (Karim Badawi) បាននិយាយថា ប្រទេសអេហ្ស៊ីបបានកែប្រែគោលដៅរបស់ខ្លួនសម្រាប់ថាមពលកកើតឡើងវិញដល់ ៤០% នៅឆ្នាំ២០៤០។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បាដាវី បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលបើកសន្និសិទ និងពិព័រណ៍នៅសមុទ្រមេឌីទែរ៉ាណេ ដែលបានធ្វើឡើងនៅក្នុងខេត្ត Alexandria របស់ប្រទេសអេហ្ស៊ីប។ ទន្ទឹមនឹងនេះ លោក បាដាវី បានចង្អុលបង្ហាញថា ឧស្ម័នធម្មជាតិនឹងនៅតែជាឥន្ធនៈដ៏សំខាន់សម្រាប់ឆ្នាំខាងមុខ ដោយលោកបានកត់សំគាល់ថានឹងមានគម្រោងកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងសកម្មភាពប្រេងឥន្ធនៈផ្សេងៗផងដែរ។
ប្រទេសអេហ្ស៊ីបប្រាថ្នាចង់ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់សម្រាប់ប្រេង និងឧស្ម័នធម្មជាតិរាវ បន្ទាប់ពីការរកឃើញសំខាន់ៗនៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅសមុទ្រមេឌីទែរ៉ាណេ ដែលផ្ទុកឧស្ម័នប្រមាណ ៣០ទ្រីលានហ្វីតគូប។
ប្រទេសអេហ្ស៊ីបក៏កំពុងស្វែងរកការក្លាយជាមជ្ឈមណ្ឌលអ៊ីដ្រូសែនបៃតងសកលផងដែរ ដោយតំបន់សេដ្ឋកិច្ចនៃព្រែកជីក Suez ទទួលបានកិច្ចសន្យាចំនួន ៣៩៧លានអឺរ៉ូ (ប្រហែល ៤៣១លានដុល្លារអាម៉េរិក) ដើម្បីនាំចេញឥន្ធនៈបៃតងទៅកាន់អឺរ៉ុប៕