បរទេស៖ ប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានប្តេជ្ញាបន្តកិច្ចចរចាដើម្បីបង្កើតក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានចែករំលែកនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា បញ្ហានេះត្រូវបានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរីក អេ ម៉ាណាឡូ (Enrique A Manalo) ដែលបច្ចុប្បន្នកំពុងបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះម៉ាឡេស៊ី-ហ្វីលីពីន (JCM) លើកទី៨។
លោក អាន់វ៉ា បាននិយាយថា កិច្ចប្រជុំនេះបានបង្ហាញពីឱកាសដ៏ល្អមួយដើម្បីស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យកសិកម្ម និងសន្តិសុខស្បៀង សេដ្ឋកិច្ចឌីជីថល និងឧស្សាហកម្មហាឡាលជាដើម៕