ហ្វីលីពីននៅតែជាប្រទេស នាំចូលអង្ករធំជាងគេលើពិភពលោក

0

បរទេស៖ ប្រទេសហ្វីលីពីនត្រូវបានគេរំពឹងថានឹងនាំចូលអង្ករបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ និងឆ្នាំបន្ទាប់ ដែលនៅតែជាប្រទេសនាំចូលអង្ករធំជាងគេរបស់ពិភពលោក ខណៈដែលបាតុភូតធម្មជាតិអ៊ែលនីណូ និងឡានីណា និងព្យុះទីហ្វុងថ្មីៗនេះបានទប់ស្កាត់ផលិតកម្មក្នុងស្

រុក។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន ស្តីពី «គ្រាប់ធញ្ញជាតិ៖ ទីផ្សារពិភពលោក និងពាណិជ្ជកម្ម» បានឱ្យដឹងថា សេវាកសិកម្មបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានប៉ាន់ប្រមាណថា ការនាំចូលអង្កររបស់ប្រទេសនេះនឹងឈានដល់ចំនួន ៤,៧លានតោននៅឆ្នាំ២០២៤ ដែលកើនឡើង ២,២% ពីការព្យាករពីមុន។ ការ​នាំ​ចូល​អង្ករ​របស់​ប្រទេស​ហ្វីលីពីន​ ត្រូវ​បាន​គេ​និយាយ​ថា​នឹង​កើន​ឡើង​ដល់ចំនួន ៤,៩លាន​តោន​នៅ​ឆ្នាំ​ក្រោយ។

របាយការណ៍នេះក៏បានព្យាករណ៍ពីការកើនឡើងនៃការនាំចូលជាសកលនៅក្នុងឆ្នាំ២០២៥ ដែលគាំទ្រដោយតម្រូវការខ្ពស់ពីទីផ្សារអាហ្រ្វិក និងអាស៊ីមួយចំនួនផងដែរ បើទោះបីជាការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌាត្រូវបានគេរំពឹងថានឹងជំរុញការផ្គត់ផ្គង់ជាសកល និងតម្លៃទាបក៏ដោយ។

ក្រសួងនោះបានប៉ាន់ប្រមាណថា ផលិតកម្មអង្កររបស់ប្រទេសហ្វីលីពីននឹងមានចំនួន ១២,៧លានតោននៅឆ្នាំនេះ ហើយនឹងធ្លាក់ចុះមកនៅត្រឹម ១២,៣លានតោននៅឆ្នាំបន្ទាប់។

យោងតាមការិយាល័យឧស្សាហកម្មរុក្ខជាតិរបស់ប្រទេសហ្វីលីពីន បានឱ្យដឹងថា ប្រទេសនេះបាននាំចូលគ្រាប់ធញ្ញជាតិចំនួន ៣,២៩លានតោនគិតត្រឹមថ្ងៃទី០៣ ខែតុលា ដោយប្រទេសវៀតណាមជាអ្នកផ្គត់ផ្គង់អង្ករច្រើនជាងគេ (២,៦១លានតោន) បន្ទាប់មក គឺប្រទេសថៃ (ជាង ៤១៦.០០០តោន) និងប៉ាគីស្ថាន (ជាង ១៥៧.៥០០តោន)៕