បរទេស៖ សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៩ ស្តីពីសន្តិសុខសាយប័រ (AMCC) និងកិច្ចប្រជុំពាក់ព័ន្ធ បានធ្វើពិធីបើកនៅក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១៦ ខែតុលា ដែលជាផ្នែកមួយនៃសប្តាហ៍អន្តរជាតិសិង្ហបុរីឆ្នាំ២០២៤ (SICW 2024) ដែលបានធ្វើចាប់ពីថ្ងៃទី១៤-១៧ ខែតុលា។
នៅក្នុងសុន្ទរកថារបស់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងនិន្នាការកើនឡើងនៃការគំរាមកំហែងតាមអ៊ីនធឺណិត ខណៈដែលបណ្តាប្រទេសមួយចំនួននៅអាស៊ាន ដែលរួមទាំងប្រទេសសិង្ហបុរីផងនោះ កំពុងប្រឈមមុខនឹងការបោកប្រាស់តាមអ៊ីនធឺណិត។
លោកបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់សម្រាប់ការសម្របសម្រួល និងសកម្មភាពរួម ដើម្បីកាត់បន្ថយហានិភ័យ ការពារសេដ្ឋកិច្ច និងសង្គមពីឧក្រិដ្ឋកម្មសាយប័រ ការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងរក្សាភាពជឿជាក់នៃសេវាកម្ម។
វគ្គសំខាន់ៗ និងពិសេសរបស់សន្និសីទ AMCC លើកទី៩ រួមមានកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលប្រមូលផ្តុំរដ្ឋមន្ត្រីបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងសន្តិសុខសាយប័រអាស៊ាន ក៏ដូចជាដៃគូសន្ទនាអាស៊ានដើម្បីពិភាក្សាអំពីបញ្ហាអ៊ីនធឺណិតសំខាន់ៗនៅក្នុងតំបន់ និងស្វែងរកមធ្យោបាយដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខសាយប័រក្នុងតំបន់រវាងបណ្តាប្រទេសជាសមាជិក។
នៅក្នុងឱកាសនោះ ក្រុមការងារឆ្លើយតបគ្រោះអាសន្នផ្នែកកុំព្យូទ័រក្នុងតំបន់អាស៊ាន (CERT) ដែលមានទីតាំងនៅមជ្ឈមណ្ឌលសន្តិសុខសាយប័រអាស៊ាន-សិង្ហបុរី (ASCCE) ក្នុងប្រទេសសិង្ហបុរី ត្រូវបានបង្ហាញខ្លួនជាលើកដំបូង៕