លោក យូន ស៊ុកយុល នឹងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆេក ដោយផ្តោតលើកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ

0

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) គ្រោងនឹងធ្វើទស្សនកិច្ចនៅសាធារណរដ្ឋឆេកនៅសប្តាហ៍នេះ ដើម្បីពង្រឹងការដេញថ្លៃរបស់ប្រទេសកូរ៉េខាងត្បូង ហើយយកឈ្នះគម្រោងថាមពលនុយក្លេអ៊ែរដ៏ធំមួយ និងធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាមួយសហភាពអឺរ៉ុប។

លោក យូន នឹងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីឆេក ប៉េធឺ ប៉ាវេល (Petr Pavel) និងនាយករដ្ឋមន្ត្រី លោក ប៉េធឺ ហ្វៀឡា (Petr Fiala) ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកវិទ្យា និងវិស័យផ្សេងៗទៀត។

ដំណើរទស្សនកិច្ចនេះធ្វើឡើងរយៈពេល ២ខែបន្ទាប់ពីសម្ព័ន្ធក្រុមហ៊ុនដែលដឹកនាំដោយ ក្រុមហ៊ុន Korea Hydro & Nuclear Power (KHNP) ត្រូវបានជ្រើសរើសជាអ្នកដេញថ្លៃពេញចិត្តក្នុងការសាងសង់អង្គភាពថាមពលនុយក្លេអ៊ែរចំនួន ២កន្លែងនៅលើតំបន់ឌូកូវ៉ានី។ នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងរយៈពេលជិត ៩ឆ្នាំ។

លោកស្រី ផាក ជុនសូប (Park Chun-sup) លេខាធិការជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់សាធារណរដ្ឋឆេកដែលបាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីសប្តាហ៍មុនថា «ដំណើរទស្សនកិច្ចគ្រោងនឹងផ្តោតលើការធានាកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់សាធារណរដ្ឋឆេក ដើម្បីធានាថាគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឆេកដំណើរការដោយរលូនរហូតដល់បញ្ចប់កិច្ចសន្យាត្រូវបានចុះហត្ថលេខានៅឆ្នាំក្រោយ» ។

កិច្ចព្រមព្រៀងដែលប៉ាន់ស្មានថាមានតម្លៃប្រហែល ២៤ទ្រីលានវ៉ុន (១៧,៣ប៊ីលានដុល្លារអាម៉េរិក) នឹងកត់សម្គាល់ពីការនាំចេញរបស់រោងចក្រថាមពលនុយក្លេអ៊ែរទី២ របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីគម្រោងរបស់ខ្លួនក្នុងឆ្នាំ២០០៩ នៅប្រទេសអេមីរ៉េតអារ៉ាប់រួម។

លោកស្រី ផាក បាននិយាយថា លោក យូន នឹងត្រូវបានអមដំណើរដោយគណៈប្រតិភូមន្ត្រីមកពីវិស័យថាមពលនុយក្លេអ៊ែរ ដើម្បីស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លេអ៊ែរពេញលេញ ដែលរួមមានការសាងសង់ ការរចនា ប្រតិបត្តិការ ឥន្ធនៈនុយក្លេអ៊ែរ និងការគ្រប់គ្រងប្រេងឥន្ធនៈ៕