កូរ៉េខាងជើងបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់

0

យោធាកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់នៅភាគឦសាន ដោយបានបង្កើនភាពតានតឹងកាន់តែខ្លាំងឡើងដោយការលាតត្រដាងដ៏កម្ររបស់ខ្លួនអំពីកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមកាលពីសប្តាហ៍មុន។

អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះនៅម៉ោងប្រហែល ៦:៥០នាទីព្រឹកពីតំបន់កេជុន ភាគខាងជើងក្នុងខេត្តសោត ព្យុងអាន (South Phyongan) ភាគខាងជើងនៃទីក្រុងព្យុងយ៉ាង ហើយមីស៊ីលនោះបានហោះចម្ងាយប្រហែល ៤០០គីឡូម៉ែត្រ។

ការិយាល័យប្រធានាធិបតីបានកោះប្រជុំក្រោមអធិបតីភាព លោក យីន ស៊ុងវ៉ាន់ (Yin Sung-hwan) ទីប្រឹក្សាសន្តិសុខជាតិរងទី២ ដើម្បីពិភាក្សាអំពីការបាញ់បង្ហោះ និងវាយតម្លៃពីស្ថានភាពសន្តិសុខ។

JCS បាននិយាយនៅក្នុងសារមួយផ្ញើទៅកាន់អ្នកយកព័ត៌មានថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ដែលជាទង្វើនៃការបង្កហេតុមួយដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ»។

យោងតាម JCS បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២គ្រាប់នៅភាគឦសានកាលពីថ្ងៃទី១ ខែកក្កដា ដែលបានចុះចតនៅសមុទ្រខាងកើត និងមួយទៀតបានហោះក្នុងចម្ងាយ ១២០គីឡូម៉ែត្រមុនពេលបាត់ពីរ៉ាដា និងអាចធ្លាក់នៅលើដី។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើង បាននិយាយថា នៅថ្ងៃបន្ទាប់ប្រទេសនេះនឹងបាញ់សាកល្បងមីស៊ីលវ៉ាសុង-១១ ឌីអេ ៤,៥ (Hwasong-11Da4.5) ថ្មីក្នុងរយៈចម្ងាយអតិបរមា និងអប្បបរមារបស់ខ្លួន ដោយប្រព័ន្ធផ្សព្វផ្សាយបានកត់សម្គាល់ថា មីស៊ីលនេះមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់ «ធំខ្លាំង» មានទម្ងន់ ៤,៥តោន។ ប្រព័ន្ធផ្សព្វផ្សាយបានជូនដំណឹងអំពីការបាញ់សាកល្បងមួយផ្សេងទៀតនៅខែដូចគ្នាក្នុងរយៈចម្ងាយមធ្យមរបស់មីស៊ីល ប៉ុន្តែបើតាមមើលទៅវាមិនបានកើតឡើងទេ៕