នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសអ៊ីស្រាអែលអាចនឹងបង្កើនសកម្មភាពរបស់ខ្លួនប្រឆាំងនឹងក្រុមប្រដាប់អាវុធហេបូឡានៃប្រទេសលីបង់។
លោក នេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមរដ្ឋមន្ត្រីនៅពេលចាប់ផ្តើមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍របស់លោកថា «ស្ថានភាពបច្ចុប្បន្ននឹងមិនបន្តទេ»។ «នេះតម្រូវឱ្យមានការផ្លាស់ប្តូរតុល្យភាពអំណាចនៅព្រំដែនភាគខាងជើងរបស់យើងជាមួយប្រទេសលីបង់។ យើងនឹងធ្វើអ្វីៗតាមអំពើចិត្ត ដើម្បីឲ្យប្រជាពលរដ្ឋយើងត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព»។
យោងតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល បានឱ្យដឹងថា ប្រទេសអ៊ីស្រាអែលបានបាញ់កាំភ្លើងធំទៅកាន់ភាគខាងត្បូងប្រទេសលីបង់ ខណៈដែលក្រុមហេបូឡាបានបាញ់រ៉ុក្កែតប្រហែល ៤០គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចូលទៅក្នុងភាគខាងជើង នៃប្រទេសអ៊ីស្រាអែល។
យោធាបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលមួយចំនួន ខណៈដែលគ្រាប់ផ្សេងទៀតបានធ្លាក់នៅតំបន់ហ្គាលីឡេខាងលើ និងភាគខាងជើងនៃតំបន់ Golan Heights ។ ក្នុងពេលដំណាលគ្នានោះ យន្តហោះគ្មានមនុស្សបើកមួយគ្រឿងត្រូវបានគេកំណត់អត្តសញ្ញាណបានឆ្លងកាត់ពីប្រទេសលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានធ្លាក់នៅជិតទីក្រុងមេទូឡា។ គ្មានការរងរបួសត្រូវបានគេរាយការណ៍នោះទេ។
ការប្រយុទ្ធគ្នាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានបន្តចាប់តាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅពេលដែលជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបានផ្ទុះឡើង។ ក្រុមហេសបូឡា បាននិយាយថា ការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល មានបំណងគាំទ្រដល់ជនជាតិប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប៕