ចិន​ជួយ​ហ្វីជី​ក្នុង​ការ​ផលិតដំណាំ​ស្រូវ

0

ដោយមានការគាំទ្រពីប្រទេសចិន ក្រសួងកសិកម្មហ្វីជីកំពុងដោះស្រាយការធ្លាក់ចុះនៃផលិតកម្មស្រូវដែលបណ្តាលមកពីការធ្វើចំណាកស្រុកពីជនបទទៅទីក្រុង និងការផ្លាស់ប្តូរអាកាសធាតុនៅក្នុងប្រទេសនេះ ដើម្បីដោះស្រាយផ្នែកសន្តិសុខស្បៀងអាហារ។

យោងតាម​ការ​រាយការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយ Fiji Broadcasting Corporation បានឱ្យដឹងថា មន្ត្រីកសិកម្មជាន់ខ្ពស់ លោក អ៊ីណូស៊ី វូឡាវ៉ាលូ (Inosi Vulawalu) បាននិយាយថា ការចាប់អារម្មណ៍លើការធ្វើស្រែមានការថយចុះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែក្រសួងបានប្តេជ្ញាចិត្តដើម្បីផ្លាស់ប្តូរនិន្នាការនេះតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗ។ ក្រសួងបានចាប់ផ្តើមការពិគ្រោះយោបល់ជាមួយកសិករដែលចាប់អារម្មណ៍ ដោយបង្កើតជាចង្កោម និងណែនាំបច្ចេកទេសមេកានិកកម្រិតខ្ពស់ ដើម្បីជំរុញផលិតកម្មស្រូវនៅតំបន់ណាវ៉ា ខាងក្រៅរដ្ឋធានីស៊ូវ៉ា។

គំនិតផ្តួចផ្តើមនេះមានគោលបំណងពង្រឹងសន្តិសុខស្បៀងអាហារ ដោយការលើកទឹកចិត្តដល់កសិករកាន់តែច្រើនក្នុងការដាំដុះដំណាំស្រូវ និងកាត់បន្ថយការពឹងផ្អែកលើអង្ករនាំចូល។ លោក ចេន ហួហ្សៅ (Chen Huazao) ប្រធានក្រុមនៃគម្រោងអភិវឌ្ឍន៍កសិកម្មជំនួយពីប្រទេសចិនលើការដាំដំណាំស្រូវនៅប្រទេសហ្វីជី បាននិយាយថា ការស្រាវជ្រាវបង្ហាញពីចំនួនកសិករវ័យចំណាស់ក្នុងប្រទេសហ្វីជី ដែលភាគច្រើនមានអាយុចន្លោះពី ៥០ឆ្នាំទៅ៧០ឆ្នាំ។

លោក ចេន បាន​បន្ត​ថា បញ្ហា​ប្រឈម​ក្នុង​ការ​ផលិត​ដំណាំស្រូវ​របស់​ប្រទេសហ្វីជី រួម​មាន​ការ​រៀបចំ​ដី​មិន​បាន​គ្រប់​គ្រាន់ ការ​ប្រើ​ជី​មិន​ត្រឹមត្រូវ បញ្ហា​គ្រប់គ្រង​សត្វល្អិត និង​ស្មៅ និង​វិធីសាស្ត្រ​ដាំ​ដុះ​មិន​មាន​ប្រសិទ្ធភាព៕