កសិករប្រកបរបរដាំទៀបស្វិតនៅស្រុកសំឡូតរកចំណូលបានរាប់ពាន់ដុល្លារ

0

ផ្លែទៀប​ស្វិត​បាន​ផ្តល់​ប្រាក់​កម្រៃ​រាប់​ពាន់​ដុល្លា​អា​មេ​រិ​ក​ដល់​កសិករ​ដែល​ប្រកប​របរ​ដាំ​ដុះ​ដំណាំ​នេះ​។ បច្ចុប្បន្ន​មិនសូវ​មាន​កសិករ​និយម​ដាំ ដំណាំ​ទៀបស្វិត​ប៉ុន្មាន​ទេ ដោយហេតុ​ដូច្នេះ​ទើប​វា​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ​។​កសិករ​ម្នាក់​ដែល​ដាំ​ដំណាំ​នេះ​និយាយ​ថា​គាត់​អាច​រក​ចំណូល​បាន​រាប់​ពាន់​ដុល្លារ ពី​ការ​លក់​ផ្លែទៀប​ស្វិត​ក្នុង​មួយ​រដូវ​។ ដំណាំ​ទៀប​ជាង​២០០០​ដើម ត្រូវ​បាន​កសិករ​រូប​នេះ​ដាំ​ដុះ​លើ​ផ្ទៃដី​ជាង​៣​ហិ​កតា នៅ​លើ​ទី​ទូល​មិន​រាបស្មើ ដែល​មើលទៅ​ផ្លែ​រយីងរយោង​តាម​ចង្កេះភ្នំ នៅ​តំបន់​ឆ្អោ​ង ក្នុងភូមិ​សាស្ដ្រ​ស្រុក​សំឡូត ខេត្តបាត់ដំបង​។

លោក រ៉ា​ន់ រួន អាយុ​៣៥​ឆ្នាំ ជា​កសិករ​ម្ចាស់​ចម្ការ​ទៀបស្វិត​នៅ​តំបន់​ឆ្អោ​ង​ក្នុង ភូមិ​ទួល​ពោធិ៍ ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ថា ទៀបស្វិត​មាន​ទីផ្សារ​ល្អ ប្រជាជន​ចូល​ចិត្ត​និយម​ទទួលទាន​ច្រើន និង​នៅ​តំបន់​ដែល​លោក​រស់នៅ​គ្មាន​អ្នក​ដាំ​ផង​នោះ លោក​បាន​សម្រេចចិត្ត​ដាំ​ដំណាំ​នេះ​អស់​រយៈពេល​៨​ឆ្នាំ​មក​ហើយ​។ ការ​ដាំ​ទៀបស្វិត​មាន​លក្ខណៈ​ងាយស្រួល​ដោយ​ដាំ​មិន​ប្រើ​ថ្នាំ និង​ជីគីមី​នោះ​ទេ គឺ​ថែទាំ​តាម​លក្ខណៈ​ធម្មជាតិ​ប្រើ​ជីលា​មក​គោក្របី​។ ដី​នៅ​តំបន់​ឆ្អោ​ង​មាន​ជីវជាតិ​ល្មម​នឹង​ការ​លូតលាស់​របស់​ទៀបស្វិត និង​មិន​មាន​ដង្កូវ​ស៊ី​ស្លឹក​នោះ​ទេ​។

កសិករ​រូប​នេះ​បាន​បន្ថែម​ថា ចំពោះ​ការ​ថែទាំ ដោយ​គ្រាន់តែ​ចង​ថង់​ការពារ​ដង្កូវ​ចោះ​ផ្លែ និង​មើលទៅ​លើ​ផ្លែ​កាលណា​មាន​ផ្លែ​ច្រើន​ពេក​ត្រូវ​បេះ​ចោល​ខ្លះ​ព្រោះ​ដាំ​ជា​លក្ខណៈ​ធម្មជាតិ​អត់​មាន​អ្វី​ជំនួយ​ទេ ដូច្នេះ​ផ្លែ​ច្រើន​ពេក​បណ្ដាល​ឱ្យ​ងាប់​ដើម​។ ទៀបស្វិត​របស់​លោក​ដែល​បាន​ដាំ​លើ​ផ្ទៃដី​៣​ហិ​កតា និង​មាន​ចំនួន​ជាង​២០០០​ដើម​នេះ ប្រមូល​ផល​បាន​៧​ដង​ក្នុង​មួយ​ឆ្នាំ ការ​ប្រមូល ផល​មានការ​ប្រែប្រួល​ទៅ​តាម​ឆ្នាំ​ដោយ​ឆ្នាំ​មុន​ៗ​បាន​៦​ទៅ​៧​តោន តែ​សម្រាប់​ឆ្នាំ​នេះ​ប្រមូល​បាន​ប្រហែល​១០​តោន​។ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ដើម​កាន់តែ​ធំ​ផ្លែ​កាន់​ច្រើន ហើយ​ការ​ប្រមូល​ផល​ដំបូង​ប្រើ​រយៈពេល​១​ឆ្នាំ​ជាង​បាន​បន្តិចបន្តួច​លុះដល់​២​ឆ្នាំ​បាន​ពេញលេញ​ទើប​ប្រមូល​បាន​ច្រើន​។ ឥឡូវនេះ​ផ្លែទៀប​កំពុង​តែ​ផ្លែ​ក្នុង​១​រដូវ​មាន​រយៈពេល​មួយ​ខែ​ជាង​អាច​ប្រមូល​ផល​អស់​ដោយ​មាន​ជួល​កម្មករ​ជួយ​បេះ​ចំនួន​២​នាក់​ទើប​បេះ​ទាន់​។

លោក​បាន​ប្រាប់​ថា សព្វ​ថ្ងៃនេះ​ប្រមូល​បាន​២០ ទៅ​៣០​ភាគរយ​នៃ​ផល​ទៀប គឺ​បាន​ចំនួន​៣​តោន ចំពោះ​ទីផ្សារ​វិញ ថ្ងៃ​ខ្លះ​ក៏​ដាក់​ទាន់​ឱ្យ​ម៉ូយ ថ្ងៃ​ខ្លះ​ក៏​មិន​ទាន់​។ សម្រាប់​ឆ្នាំ​នេះ ទៀបស្វិត មាន​តម្លៃ​ល្អ​អាច​បាន​១​គីឡូ ៥៥០០៛ ទៅ​៦០០០ ៛​សម្រាប់​ការ​បោះ​ដុំ​។ អតិថិជន​នៅ​ភ្នំពេញ ខេត្តបាត់ដំបង និង​ខេត្ត​ផ្សេង​ៗ​ទៀត ដែល​នៅ​ឆ្ងាយ​ៗ​ក៏​អាច​បញ្ជា​ទិញ​បាន តែ​ពេល​ខ្លះ​មិន​អាច​ផ្ញើ​ទៅ​បាន ព្រោះ​ផ្លែទៀប​ឆាប់​ទុំ​ពេល​បណ្ដាល​ឱ្យ​ខូច​មុន​ពេក​ទៅ​ដល់​។ ដោយសារ​ទីផ្សារ​ផ្លែទៀប​ឆ្នាំ​នេះ​មាន​តម្លៃ​ល្អ​ក្នុង​១​រដូវ​កាល លោក​អាច​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី​៦០០០​ដុល្លារ​ទៅ​ដល់​៧០០០​ដុល្លារ​អា​មេ​រិ​ក​។ ដោយ​មើលឃើញ​ពី​ប្រាក់​ចំណូល​នេះ​មាន​កសិករ​មួយ​ចំនួន​បាន​មក​រៀន​ពី​ការ​ដាំ​ដុះ និង​ទិញ​កូន​ទៀប​ពី​ចម្ការ​របស់​លោក​យក​ទៅ​ដាំ​។

ទន្ទឹម​នឹង​នេះ កសិករ​រូប​នេះ​បាន​សំណូមពរ​ឱ្យ​មានការ​គាំទ្រ​ផលិតផល​របស់​ខ្មែរ​យើង​ដែល​មិន​ប្រើ​ជី និង​ថ្នាំ​គីមី​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ហើយ​ប្រជា​កសិករ ដែល​មាន​ដី​ទំនេរ​អាច​សាកល្បង​ដាំ​ដំណាំ​ហូប​ផ្លែ​នេះ​បាន ព្រោះ​ដំណាំ​ទៀបស្វិត​មិន​ពិបាក​ក្នុង​ការ​ថែទាំ មិន​រើស​ប្រភេទ​ដី និង​មាន​តម្រូវការ​ទីផ្សារ​ល្អជា​ដើម​៕